ខេត្តព្រះសីហនុ លោវរសេនីយ៌ទោ សៅ ស៊ាង នាយការិយល័យស្ថិតិ និងអន្តសញ្ញាណបណ្ណ័នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឪ្យដឹងថា ការិយាល័យអត្តសញ្ញាណបណ្ណ័បាននឹងកំពុងបំពេញការងាររបស់ខ្លួនយ៉ាងមមាញឹក ក្នុងការបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណ័គំរូថ្មី ជូន
ប្រជាពលរដ្ឋចាប់ពីខែ០៧ ឆ្នាំ២០១២មក ។ មកបច្ចុប្បន្នមានរយះពេលជាង២ឆ្នាំមកហើយ យើងបានបែងចែកក្រុមការងារ ០៤គោលដៅ ដើម្បីចុះទៅធ្វើអត្តសញ្ញាណបណ្ណ័គំរូថ្មីជូនប្រជាពលរដ្ឋក្នុងនោះក្រុមទី១ ក្រុងព្រះសីហនុ សំរេចបំពេញបែបបទជូនប្រជាពលរដ្ឋបានចំនួន ១៦.៨០៩នាក់ ក្នុងនោះប្រុស ចំនួន៦.៩៦៣នាក់ ។ ស្រុកស្ទឹងហាវចំនួន៦.៥៤៤នាក់ ប្រុស៣.៣៧៥នាក់ ស្រុកព្រៃនប់ ២៦.០២៨នាក់ ប្រុស ១២.៩៦៤នាក់ និងស្រុកកំពង់សិលាបានចំនួន ៥.៨៨៣នាក់ ប្រុស ៣.០៤៦នាក់ ។
លោក សៅ ស៊ាន បានឪ្យដឹងបន្តទៀតថា លទ្ធផលយើងសម្រេចបំពេញឯកសារជូនប្រជាពលរដ្ឋបានចំនួន ៥៥.២៦៤នាក់ ប្រុស២៦.៣២១នាក់ និងបានធ្វើការចែកអត្តសញ្ញាណបណ្ណ័ប្រភេទគំរូថ្មីជូនប្រជាពលរដ្ឋបានចំនួន ៤៥.២៩១នាក់ ។ ចំណែកអ្នកដែលបានបំពេញបែបបទរួចហើយ ការិយាល័យជំនាញបានបញ្ជូនទិន្នន័យរួចជាស្រេចទៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដើម្បីបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីមកឱ្យប្រជាពលរដ្ឋវិញ ។
ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណចាស់ពុំទាន់ហួសសុពលភាព ហើយចង់ប្តូរយកអត្តសញ្ញាណប័ណ្ណប្រភេទថ្មីការិយាល័យ នឹងបំពេញបែបបទជូនតាមបច្ចេកទេសការងារ កាន់តែងាយស្រួលថែមទៀត ។
លោកនាយការិយាល័យស្ថិតិ និងអត្តសញ្ញាណបណ្ណ័បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានអត្ថប្រយោជន៍ ក្នុងការប្រើប្រាស់រាល់ការងាររដ្ឋបាលផ្សេងៗ ព្រោះវាមានទិន្នន័យប្រវត្តិរូប កន្លែងរស់នៅ ការផ្លាស់ប្តូរទីលំនៅ ក្រយៅដៃ ដើម្បីបញ្ជាក់ពីស្ថានភាពរស់នៅរបស់បុគ្គលម្នាក់ៗ ព្រោះវាបានផលិតឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ទៅតាមស្តង់ដារអន្តរជាតិ ។ ពិសេសទៅទៀតវាមានសភាពជាប់ ស្វិតមិនរហែក បែកបាក់ និងភ្លើងឆេះ យើងអាចយកទៅប្រើប្រាស់បានរយៈពេល១០ឆ្នាំ ទើបអស់សុពលភាព ហើយប្រើប្រាស់តាមសេចក្តីត្រូវការ ។
លោកនាយការិយាល័យស្ថិតិ និងអត្តសញ្ញាណប័ណ្ណ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុមកធ្វើអត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋដែលត្រូវមកសុំប្តូរអត្តសញ្ញាណប័ណ្ណគំរូថ្មី សូមអញ្ញើមមកធ្វើឪ្យបានរួសរាន់ នៅតាមអធីការដ្ឋាននគរបាលដែលនៅជិតផ្ទះលោក អ្នក ព្រោះអត្តសញ្ញាណប័ណ្ណប្រភេទចាស់ វានឹងអស់សុពលភាពនៅឆ្នាំ២០១៨ខាងមុខនេះ ។
គួរបញ្ជាក់ថា នៅខេត្តព្រះសីហនុមានក្រុង០១ និងស្រុក០៣ សង្កាត់៥ ឃុំ២២ និងភូមិ១១២ មានប្រជាពលរដ្ឋ ៣៩.៧៦៤គ្រួសារ ត្រូវជាមនុស្ស១៩៨.៧២៦ នាក់ ក្នុងនោះស្រី១០០.៧៣៩នាក់ ។ ប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើងដែលត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណ និងប្តូរអត្តសញ្ញាណប័ណ្ណគំរូថ្មីមានចំនួន ១៤៣.៤៨០នាក់ ប្រុស ៧១.១០៤នាក់ ៕