សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន ភីអេសអិមអេស សូហ្វៀ ដែលជាក្រុមហ៊ុននាំចូលផ្លូវការនូវផលិតផលគ្រឿងសំអាង និងថែរក្សាស្បែក ម៉ាក Skya មានទីស្នាក់ការនៅប្រទេស New Zealand និងមានវត្តមានជាង 16 ប្រទេស ក្នុងនោះមានកម្ពុជាផងដែរ ជាពិសេសនោះ គឺមានស្តង់ដាហាឡាលអន្តរជាតិ មានប្រភពច្បាស់លាស់ និងទទួលស្គាល់ពីក្រសួងសុខាភិបាល។
ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះធ្វើឡើងតំណាងដោយលោក សេន សាម៉ាន នាយកប្រតិបត្តិសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងលោក អាលីស្តា ហ្សាវា ឡាម ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអេសអិមអេស សូហ្វៀ ក្រោមអធិបតីភាពលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅសណ្ធាគារសាន់វ៉េ រាជធានីភ្នំពេញ។
បើតាម លោក សេន សាម៉ាន នាយកប្រតិបត្តិសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានថ្លែងថា អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងផ្តល់ឱកាសការងារ និងចំណូលបន្ថែមទៀត ដល់សហគមន៍ឥស្លាមកម្ពុជា។ លើសពីនេះទៅទៀត លោកបានលើកទឹកចិត្តដល់សហគមន៍ឥស្លាមកម្ពុជាទាំងមូល ក៏ដូចជាយុវតីឥស្លាម ចូលរួមគាំទ្រផលិតផល ម៉ាក Skya ព្រោះមានតម្លៃពិសេសតាមរយៈសមាគមផ្ទាល់ ហើយរាល់ការបញ្ជាទិញរបស់បងប្អូនមូស្លិមនៅទូទាំងប្រទេសកម្ពុជា នឹងមានការចូលរួមបរិច្ចាគទៅសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដើម្បីធ្វើការងារមនុស្សធម៌នៅក្នុងសហគមន៍ផងដែរ។
លោក អាលីស្តា ហ្សាវា ឡាម បានមានប្រសាសន៍ដែរថា តាមរយៈភាពជាដៃគូជាមួយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជានេះ យើងជឿជាក់ក្នុងការបង្កើតឱកាសដល់ប្រជាជន ជាពិសេសនៅក្នុង សហគមន៍ឥស្លាមកម្ពុជាដើម្បីចូលរួមក្នុងសហគ្រិនភាព និងការអភិវឌ្ឍន៍ខ្លួនឯង។
កិច្ចសហការនេះនឹងអនុញ្ញាតឱ្យ សមាជិកសមាគមក្លាយជា អ្នកចែកចាយ និងជាដៃគូយីហោរបស់ម៉ាក Skya ដែលផ្តល់ឱ្យពួកគេនូវ ប្រភពចំណូលថ្មី និងបទពិសោធន៍អាជីវកម្មដ៏មានតម្លៃ។
លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហាញការគាំទ្រចំពោះកិច្ចសហការរវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) និងក្រុមហ៊ុន ភីអេសអិមអេស សូហ្វៀ (ខេមបូឌា) ព្រោះស្ត្រីជាច្រើន ជាពិសេសនៅក្នុងសហគមន៍ឥស្លាម នឹងត្រូវបានបំផុសគំនិត និងលើកទឹកចិត្តឱ្យជំរុញឱកាសសហគ្រិនភាព៕









































