សៀមរាប៖ លោកជំទាវ ហ៊ុន ម៉ាលី និងលោកជំទាវ ឌី សុទីឃាយុកោ ហ៊ុន ម៉ានិត អមដំណើរដោយលោកជំទាវ ទាង អេង ទៀសីហា ជាមួយលោកជំទាវជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៥នេះ បាននាំយកទេយ្យទាន រួមនិងបច្ច័យផ្ទាល់ខ្លួន និងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង
ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកាន់វេនបិណ្ឌ៧ជាមួយបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិ ស័ទ នៅវត្តបារាយមហាននទីរតនារាម(ហៅវត្តស្វាយរមៀត )ដែលស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិលក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានិងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃផងដែរ ។
ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តស្វាយរមៀត បានមានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ។ហើយបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម បញ្ជាក់ឱ្យឃើញពីការសម្បូរហូរហៀរនៃភោគផលធញ្ញាហារផ្សេងៗ របស់ប្រជាជនខ្មែរ ផ្គត់ផ្គង់ព្រះសង្ឃក្នុងព្រះវស្សា.សម្តែងនូវភាពកតញ្ញូកតវេទី.ដាស់តឿនស្មារតីដល់មនុស្សគ្រប់រូបកុំឱ្យមានសេចក្តីប្រមាទក្នុងការធ្វើអំពើបាបនានា .ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធនៃបុព្វការីជននិងពពួកញាតិ.សន្សំនូវមហាកុសលទុកជាទីពឹងរបស់ខ្លួន និងបន្តថែរក្សាបុណ្យប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង ឲ្យតាំងនៅស្ថិតស្ថេរអស់កាលជាយូរអង្វែង។
នៅក្នុងពិធីកាន់បិណ្ឌនោះផងដែរ លោកជំទាវ ហ៊ុន ម៉ាលី និងលោកជំទាវ ឌី សុទីឃាយុកោ ហ៊ុន ម៉ានិត ក៍បានចែកជូនអំណោយនិងថវិកាដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យាយ ជីតាជី និងពុទ្ធបរិស័ទចូលរួមកាន់វេនបិណ្ឌប្រមាណជាង១០០នាក់ផងដែរ ៕










































