កំពងចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា ពាក់ព័ន្ធនឹងបញ្ហាក្មេងទំនើង ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ក្រាបបញ្ហាក្មេងទំនើង ដល់ពេលនេះខេត្តកំពង់ចាម បង្ក្រាបបានចំនួន ៩៩លើកហើយ ក្នុងនេះ កងកម្លាំងអាវុធហត្ថខេត្ត បង្ក្រាបបានចំនួន
៤៥លើក និងផ្នែកខាងកងកំលាំងស្នងការនគរបាលខេត្ត បង្ក្រាបបានចំនួន ៥៤លើក។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា ក្នុងការបង្ក្រាបបញ្ហាក្មេងទំនើងទាំង ៩៩លើកនេះ គឺយើងបានអនុវត្តវិធានការច្បាប់ចំនួន ២៤ករណី ដោយចងក្រងសំនុំរឿងបញ្ជូនជនល្មើលទៅតុលា និង ៧៥ករណី ទៀតគឺធ្វើការអប់រំ។
ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា ចំពោះវិធានការអប់រំភាគច្រើន គឺទៅលើក្មេងទំនើងដែលប្រើប្រាស់ម៉ូតូក្នុងរូបភាពកែច្នៃបំពុងស៊ីម៉ាំងលឺខ្លាំងដែលបង្កសំលេងរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាម ហើយមួយផ្នែកទៀតគឺកើតឡើងដោយការបង្ហោះម៉ូតូជាដើម។
យកឳកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកំលាំងអាវុធហត្ថខេត្ត សហការជាមួយមន្ទីរសាធារណៈការខេត្ត ត្រូវចុះពិនិត្យទីតាំងធ្វើអាជីវកម្មលក់ដូរ និងកែច្នៃស៊ីមាំងម៉ូតូ ខុសបច្ចេកទេស សូមបញ្ឈប់សកម្មភាពរបស់ខ្លួនក្នុងការកែច្នៃស៊ីមាំងម៉ូតូលឺខ្លាំង និងខុសបច្ចេកទេស ព្រោះថាវាបានបង្កផលប៉ះពាល និងការំខាន់ទៅដល់បងប្អូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្នានេះវាជាសកម្មភាពដែលបំរើដល់សកម្មភាពក្មេងទំនើងដែលធ្វើអោយប៉ះពាល់ដល់មុខមាត់ខេត្ត ក៏ដូចសង្គមជាតិរបស់យើងទាំងមូលផងដែរ ៕




































