កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកស្បៀងរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ ប្រជាកសិករក្រីក្រ និងងាយរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ចំនួន ១៧១គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់នូវអំណោយ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ក្រីក្រ និងងាយរងគ្រោះ ដែលជួបប្រទះ គ្រោះទឹកជំនន់ទន្លេមេគង្គ ចំនួន ១៧១គ្រួសារ នៅស្រុកកោះសូទិន នាពេលនេះ ។
ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាកសិករ សូមខិតខំធ្វើការដាំដុះ បង្កបង្កើនផលស្តារឡើងវិញ ដើម្បីកាត់បន្ថយភាពក្រីក្រ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការជាមួយអាជ្ញាធរ ដើម្បីចូលរួមថែរក្សា និងការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការអនុវត្ត គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមថែរក្សាអនាម័យ លំនៅដ្ឋាន ក៏ដូចជាការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកើតឡើង ដែលនាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចគ្រួសារ ហើយបើមានករណីមិនស្រួល សូមប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាល ឱ្យបានទាន់ពេលវេលា ។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនដល់ប្រជាកសិករ ក្រីក្រ និងងាយរងគ្រោះ ចំនួន ១៧១គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន ៖ ១- អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១កេស មីជាតិ ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យូរ ត្រីខ ១យូរ និងថវិកាមួយចំនួនផងដែរ ៕




































