កម្មវិធីប្រកួតរ៉ូបូតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៥៖ មន្ត្រីជាន់ខ្ពស់ណែនាំយុវជនឲ្យផ្តោតលើការក្រេបជញ្ជក់ចំណេះដឹង ជាជាងភាពឈ្នះ-ចាញ់

0

សៀមរាប​:​មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រើប្រាស់រ៉ូបូត គឺជារឿងសំខាន់សម្រាប់ទំនើបកម្មប្រព័ន្ធអប់រំ និងត្រៀមសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា​ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប, ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទនៃការអភិវឌ្ឍសាលារៀន គឺមានអត្ថន័យសំខាន់ណាស់។ នេះគឺផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលសិស្សានុសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា។
​ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងសង្គមដែលមានការរីកចម្រើនយ៉ាងលឿនផ្នែកបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ការរៀនរ៉ូបូទិក (Robotics) ជួយឲ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។ ជាងនេះទៅទៀត រ៉ូបូត និងរ៉ូបូទិក គឺជាមធ្យោបាយដ៏ល្អក្នុងការផ្សារភ្ជាប់មុខវិជ្ជា វិទ្យាសាស្ត្រ (Science), បច្ចេកវិទ្យា (Technology), វិស្វកម្ម (Engineering) និង គណិតវិទ្យា (Mathematics – STEM) ទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។
​កម្មវិធីប្រកួតប្រជែងឆ្នាំនេះ ក្រោមប្រធានបទ “ការផលិតរ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” គឺជាប្រធានបទដែលមានការពាក់ព័ន្ធខ្លាំងទៅនឹងការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពិសេស បញ្ញាសិប្បនិម្មិត (AI) ដែលជាឧបករណ៍សម្រាប់ជួយគាំទ្រដល់អ្នកសិក្សា និងការអភិវឌ្ឍសាលារៀន។
​ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា AI និងបរិវត្តកម្មឌីជីថល បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍលើគ្រប់វិស័យ។ ចំណេះដឹង AI កំពុងក្លាយជាតម្លៃបន្ថែមសម្រាប់ជួយបង្កើនសមត្ថភាពលើការគិត វិភាគ និងដោះស្រាយបញ្ហា។
​ឯកឧត្តម សេរី ជំនះ ក៏បានណែនាំ និងផ្តល់អនុសាសន៍ដល់យុវជនដែលជាតំណាងមកពី ២៥ រាជធានី-ខេត្ត ថា៖
​ការបង្កើតស្នាដៃក្រុម: ត្រូវការឲ្យសមាជិកទាំងអស់ទទួលយកមតិរិះគន់ស្ថាបនា ការកែសម្រួលយោបល់គ្នា និងការផ្តុំគំនិតដើម្បីរកចំណុចកណ្តាលដ៏ល្អប្រសើរមួយ។
​ការអភិវឌ្ឍខ្លួន: ត្រូវខិតខំតស៊ូ អត់ធ្មត់ ឧស្សាហ៍ព្យាយាម និងប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធ។
​ឥរិយាបថ: ត្រូវមានឥរិយាបថ និងសីលធម៌ល្អ ក្នុងការរស់នៅ និងទំនាក់ទំនងជាមួយអ្នកដទៃ។
​ការប្រកួតប្រជែង: ត្រូវទទួលយកលទ្ធផលនៃការប្រកួត និងត្រូវផ្តោតលើការក្រេបយកចំណេះដឹងទទួលបានពីកម្មវិធី ដើម្បីអភិវឌ្ឍសមត្ថភាព ជាជាងការផ្តោតលើភាពឈ្នះចាញ់។

​លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បានមានប្រសាសន៍អំពីគោលបំណងនៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ ថា៖​ជំរុញឲ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងការស្រាវជ្រាវមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។
​លើកទឹកចិត្តដល់យុវជនឲ្យមានគំនិតផ្តួចផ្តើមបង្កើតថ្មី និងច្នៃប្រឌិត។
​ផ្តល់ឱកាសឲ្យយុវជនបានបង្ហាញនូវសមត្ថភាព ស្នាដៃបង្កើតថ្មី និងចែករំលែកបទពិសោធន៍។
​អភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាលើជំនាញសរសេរគម្រោងស្នាដៃ និងមានគំនិតសហគ្រិនភាព។
​លោកបានបញ្ជាក់បន្ថែមថា ការប្រកួតជ្រើសរើសជ័យលាភីឆ្នាំ២០២៥ នេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានកម្មវិធីសំខាន់ៗដូចជា ការបើកទស្សនាស្តង់ពិពណ៌ស្នាដៃ, ការប្រកួតគម្រោង, ទស្សនកិច្ចសិក្សាផ្នែកវប្បធម៌ និងពិធីប្រកាសជ័យលាភី។ ដើម្បីធានាសុក្រឹត្យភាពក្នុងការវិនិច្ឆ័យ គណៈកម្មការដាក់ពិន្ទុចំនួន ៥រូប ត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងវគ្គផ្តាច់ព្រ័តនេះផងដែរ។
ដោយ​ប៊ុន​រដ្ឋា