អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យ និងជំរុញការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ ខ្សែ ពីភូមិកំពង់ឈើទាល ដល់ភូមិ ប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ

0

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យ និងជំរុញការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ ខ្សែ មានប្រវែង ១៤,៦ គីឡូម៉ែត្រ ពីភូមិកំពង់ឈើទាល ដល់ភូមិ ប្រឡាយ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែ នេះ គឺជាការកែលម្អការធ្វើដំណើរ ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ព្រមទាំងជម្រុញកំណើនសេដ្ឋកិច្ច សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ប្អូន កូនក្មួយ សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនានស្រួល និងទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនបងប្អូន ប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ អំពីស្ថានភាពវិវត្តថ្មីៗ នៃសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសទង្វើដ៏សែនអាក្រក់ អមនុស្សធម៌ និងជាឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅរបស់ទាហានថៃ ដែលបានបើក ការបាញ់ប្រហារមកលើប្រជាជនខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ ដែលកម្ពុជាយើងធ្វើការថ្កោលទោស និង ទាមទារឱ្យមានការទទួលខុសត្រូវលើទង្វើដ៏សែនអមនុស្សធម៌នេះ។

ឯកឧត្តមបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសន្តិភាព និងការការពារអធិបតេយ្យ បូរណភាពដែនដី និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។ សាមគ្គីជាតិយើង សំខាន់ណាស់ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់សត្រូវខាងក្រៅ។ អត្ថបទដោយ សូរហ៊ាន សំអាង