កុមារាកុមារី ជាសិស្សានុសិស្ស ដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកចំនួន១៧៥នាក់ត្រូវបានឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ នាំយកសម្លៀកបំពាក់ចែកជូន ក្នុងស្រុកអូរជ្រៅ

0

បន្ទាយមានជ័យ៖សម្លៀកបំពាក់សិស្សនិងសម្លៀកបំពាក់កីឡារាប់សិបកំផ្លេត្រូវបាននាំយកទៅចែកជូនដល់កុមារា កុមារី ជាសិស្សានុសិស្ស ដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួន ចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ ស្នាក់នៅមណ្ឌលសុវត្ថិភាព នៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូបស្រុកអូរជ្រៅ ដែលកំពុងសិក្សាបណ្តោះអាសន្ននៅទីនោះនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

ការផ្ដល់ជូននេះ ក៍មានវត្តមាន ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ផងដែរ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖កុមារា កុមារី ជាសិស្សានុសិស្ស ដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកចំនួនមានចំនួន១៧៥នាក់ ស្រី១០៣នាក់ មកពីភូមិជោគជ័យ និងព្រៃចាន់ ដែលជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានភៀសខ្លួន ចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅភូមិសាស្ត្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែរ ស្លាប់ ១នាក់ និងរបួស ៣នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។

ឯកឧត្តមបានបន្តថា៖ សម្រាប់សាលារៀនមានមួយខ្នង បើកឱ្យសិស្សរៀន២បន្ទប់ ដែលមានកម្រិតសិក្សាចាប់ពីថ្នាក់ទី១.២.៣ និងថ្នាក់ទី៤ ហើយមានលោកអ្នក គ្រូចំនួន ៥នាក់ក្នុងការបង្រៀន។ ជាពិសេស កូនៗក្មួយៗទាំងអស់ ត្រូវចេះថែរក្សាសុខភាពអនាម័យ ហូបស្អាត រស់នៅស្អាតជាប្រចាំផងដែរ។

គួររំលឹកផងដែរថា៖ កម្ពុជាបានធ្លាប់ឆ្លងកាត់រួចមកហើយក្នុងសង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ប៉ុន្តែរូបភាពនេះបាននិងកំពុងកើតជាថ្មីម្តងទៀតដោយសារតែសកម្មភាពឈ្លានពានប្រដាប់អាវុធ របស់ទាហានថៃមកលើបូរណភាពទឹកដីកម្ពុជា! កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម!៕ដោយ៖ឃិន គន្ធា