ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា វគ្គអប់រំបំពាក់បំប៉នរបស់គណបក្ស ជាការងារចាំបាច់ សម្រាប់មន្ត្រី គណបក្ស យកបន្តអនុវត្ត និងកសាងខ្លួន ដើម្បី បំរើសេវាផ្សេងៗ ជូនពលរដ្ឋ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម បានថ្លែងថា វគ្គអប់រំបំពាក់បំប៉នរបស់គណបក្ស ជាការងារចាំបាច់ សម្រាប់មន្ត្រីគណបក្សគ្រប់រូប យកទៅបន្តអនុវត្ត និងកសាងខ្លួន ព្រមទាំង ប្រកាន់ខ្ជាប់នូវ អត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ត្រីគណបក្ស ដើម្បី ឱ្យសក្តិសមជាមន្ត្រីគណបក្សទុកចិត្ត ក្នុងការបំរើនូវសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ។ ថ្លែងបែបនេះក្នុងឱកាសបិទវគ្គអប់រំបំពាក់បំប៉នជូនមន្ត្រីគណបក្សថ្នាក់មូលដ្ឋាន សង្កាត់ ក្រុងកំពង់ចាម នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានថ្លែងថា ការរៀនសូត្រក្នុងវគ្គ អប់រំនយោបាយរបស់គណបក្ស គឺជាការងារចាំបាច់សម្រាប់មន្ត្រីគណបក្សគ្រប់រូប ព្រោះថា តាមរយៈការរៀនសូត្រនេះ នឹងផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹងលើផ្នែកនយោបាយ សតិអារម្មណ៍ និងការចាត់តាំងឱ្យកាន់តែរឹងមាំឡើង សម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង ទាំងក្នុង ការងារកសាងគណបក្ស ទាំងក្នុងការងារជំនាញនៅតាមសង្កាត់របស់ខ្លួន ក៏ដូចការងារពង្រឹង មូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាពឱ្យទទួលបាន ជោគជ័យ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់មន្ត្រីគណបក្សទាំងអស់ ត្រូវផ្សារភ្ជាប់ ខ្លួនជាមួយប្រជាជន ដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន យកចិត្តទុកដាក់អប់រំប្រជាជន លើកកម្ពស់ការចូលរួមអនុវត្ត គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ត្រូវខិតខំស្វែងយល់ និង ដោះស្រាយតម្រូវការ ឬបញ្ហានានាដែលជាកង្វល់ដ៏ត្រឹមត្រូវរបស់ប្រជាជនឱ្យបានល្អ ទាំងប្រជាជននៅតាមមូលដ្ឋានសង្កាត់, ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទាំងខាងទស្សនៈ គោល ជំហរ និងសកម្មភាព ដើម្បីការពាររាល់សមិទ្ធផលរបស់ជាតិ និងសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ៕