អភិបាលខេត្តស្ទឹងត្រែង៖ ដើម្បីធានាបាននូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់ លើកកម្ពស់លើការគ្រប់គ្រងសំរាម សំណល់រឹង និងវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ

0

ខេត្តស្ទឹងត្រែង៖ ការលើកឡើងរបស់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីក្នុងវិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” ។ ពិធីនេះបានធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ ,គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដ៏ច្រើនកុះករ។

នៅក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានលើកឡើងថា ការចូលរួមទិវាអនាម័យ បរិស្ថានជាតិ ២៣វិច្ឆិកា គឺជាសារមួយ ជំរុញឱ្យកើតមាននូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត និងថែរក្សា នូវស្ថិរភាព នយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នាំឱ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យបរិស្ថានត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះ លើការការពារថែរក្សា ធនធានធម្មជាតិ អភិរក្សជីវចម្រុះ គុណភាពបរិស្ថាន និងសុខភាពសាធារណៈ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដើម្បីធានាបាននូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ត្រូវដាក់ដោយឡែក ពីសំណល់រឹងដែលត្រូវបោះចោល ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ផ្តើមចេញអំពីសកម្មភាពនៅពេលនេះ គឺជាសារមួយជំរុញឱ្យកើតមាន នូវសកម្មភាពធ្វើអនាម័យ សំអាតបរិស្ថាន ទូទាំងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ដែលធ្វើឱ្យខេត្តស្ទឹងត្រែង គ្មានសំរាមរាយប៉ាយនៅតាមដងផ្លូវទីសាធារណៈ និងសួនច្បារ រួមចំណែកធ្វើឱ្យខេត្តស្អាតមានសោភណភាពស្រស់បំព្រង និងមានផាសុខភាព៕ដោយ៖ឡុង សំបូរ