អាជ្ញាធរខេត្តស្ទឹងត្រែង ចុះរុះរើនិងរៀបរយសំណង់អនាធិបតេយ្យ លើចំណីផ្លូវសាធារណៈ នៅផ្លូវប្រសព្វជា៤ ក្នុងដែនដីរដ្ឋបាលក្រុងស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្ត ក្រុង សង្កាត់ ភូមិ និងអង្គភាពពាក់ព័ន្ធនានាជាច្រើនទៀត បានចុះអនុវត្តវិធានការរុះរើសំណង់ ដែលត្រូវបានសាងសង់លើចំណីផ្លូវសាធារណៈ ដោយខុសច្បាប់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅគីឡូម៉ែត្រលេខ៤ នៃចំណុចប្រសព្វផ្លូវបំបែកជា ៤ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

សកម្មភាពចុះរុះរើសំណង់អនាធិបតេយ្យនេះ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្ត ក្រុង បានធ្វើការជូនដំណឹង និងណែនាំច្រើនលើករួចមកហើយ។ រីឯការរុះរើសំណង់មិនរៀបរយទាំងនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើង ដោយសារការរំលោភលើចំណីផ្លូវ ,រក្សាបាននូវរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវ និងបង្កើតសោភ័ណភាពទីក្រុង ឲ្យកាន់តែមានភាពទាក់ទាញ ថែមទៀត។

អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានបញ្ជាក់ថា អាជ្ញាធរបានទុកឱសានវាទរយៈពេលគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ទាំងនោះដោយខ្លួនឯង។ លោកថា នៅទីតាំងនោះ ប្រជាពលរដ្ឋភាគច្រើនបានស្តាប់តាមការណែនាំរបស់អាជ្ញាធរ លើកលែងតែមួយទីតាំងប៉ុណ្ណោះ។

លោក សាយ កុសល បានបន្តថា ទីតាំងមួយហ្នឹងធ្លាប់បានព្រមព្រៀងតាំងពីដំបូង តែក្រោយពីអាជ្ញាធរការចុះត្រួតពិនិត្យ ម្ចាស់សំណង់នោះ បែរជាពុំព្រមអនុវត្តតាមការព្រមព្រៀងទៅវិញ។ ហើយរយៈពេលកន្លងមក ​អាជ្ញាធរខេត្ត ក៏បានចេញលិខិតជូនដំណឹងជាលើកទីពីរ  ដោយទុកឱសានវាទចុងក្រោយផងដែរ។

ស្របពេលជាមួយគ្នានោះ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានដាក់ឱសានវាទចុងក្រោយ ដោយទុកឱកាសក្នុងរយៈពេល ៧ថ្ងៃទៅមុខទៀត ប្រសិនបើដល់ពេលកំណត់ហើយ នៅតែមានចេតនាមិនរុះរើសំណង់នេះចេញទេ នោះក្រុមការងារនឹងដាក់គ្រឿងចក្រចុះរុះរើតែម្ដង ហើយការអនុវត្តវិធានការនេះ គឺដឹកនាំដោយផ្ទាល់ពីស្ថាប័នអយ្យការខេត្ត ដើម្បីធានាបាននូវភាពត្រឹមត្រូវតាមផ្លូវច្បាប់ ប្រសិនបើក្នុងករណីមានការផ្ទុះហិង្សាកើតឡើង ដោយប្រឆាំងតវ៉ាជាមួយសមត្ថកិច្ច អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕ដោយ៖ឡុង សំបូរ