ពិធីសម្ភោធពិព័រណ៌អចិន្ត្រៃយ៍ស្ដីពី “មត៌កវប្បធម៌អរូបី”

0

កំពង់ធំ៖ ពិធីសម្ភោធពិព័រណ៌អចិន្ត្រៃយ៍ស្ដីពី “មត៌កវប្បធម៌អរូបី” តាមរយៈមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានសម្ពោធបើកនៅសារមន្ទីរខេត្តកំពង់ធំ ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ ២០២៥។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងលោកស្រី ឃុត វុធ្ធីនាត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ សារ៉េត ស្រីច័ន្ទរស្មី អគ្គលេខាធិការ នៃគណៈកម្មការជាតិយូណេស្កូកម្ពុជា។

ឯកឧត្តម ហាន កុសល មានប្រសាសន៍ថា ដើម្បីទាក់ទាញឱ្យមានភ្ញៀវទេសចរយើងត្រូវរៀបចំព្រឹត្តិការណ៍ជារៀងរាល់ខែ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស្របតាមទស្សនៈទាំង ៦ ជាការអភិវឌ្ឍ នៃតំបន់ទេសចរណ៍៖
១. ធ្វើអ្វីក៏ដោយដែលអាចឱ្យគេមើលបាន ២.គេអាចប៉ះបាន ៣.គេអាចចូលរួមបាន ៤.គេអាចថតរូបបាន ៥.គេអាចហូបបាន ឬមានភោជនីយដ្ឋាន និង ៦.គេអាចដើរលេងបាន។ ទស្សនៈទាំងអស់នេះគឺជាយុទ្ធសាស្ត្រដែលអាច ទាក់ទាញភ្ញៀវទេសចរណ៍ អាវទាក់ទុកភ្ញៀវទេសចរណ៍ និងអាចទាក់ទាញឲ្យគេមកម្ដងទៀត។

លោកស្រី ឃុត វុធ្ធីនាត បានចាត់ទុកពិព័រណ៌នេះថា ជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់សារ:មន្ទីរថ្នាក់ខេត្តដែលអាចធ្វើការងារនេះបានដោយខ្លួនឯង ស្របតាមក្តីរំពឹងទុក្ខរបស់អង្គការយូនីស្កូ និងគណៈកម្មការយូណេស្កូកម្ពុជា ដែលបានផ្ដល់មូលនិធីគាំទ្រទាំងស្រុង និងជាគំរូដ៏ល្អមួយសម្រាប់បណ្ដាខេត្តផ្សេងទៀត។

លោកស្រីបន្តទៀតថា ពិព័រណ៌អចិន្ត្រៃយ៍ស្ដីពី “មត៌កវប្បធម៌អរូបី”សារមន្ទីរខេត្តកំពង់ធំបានរំលេចឱ្យយល់ដឹងទៅលើកិច្ចការពិធីបែបជីវចលរបស់សហគមន៍មនុស្សរស់នៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក ដែលគេស្គាល់ថាជាអតីតរាជធានីខ្មែរនាសម័យចេនឡាមានឈ្មោះថា “ឦសានបុរៈ” ដូចជា ពិធីឡើងអ្នកតា ពិធីច្រត់ព្រះនង្គ័ល និងពិធីលៀងអារក្ស ដែលពិធីទាំងនេះមានលក្ខណៈពិសេសខុសពីតំបន់ផ្សេងៗ។ បន្ថែមពីនេះទៅទៀត ទស្សនីយភាពពិព័រណ៌នេះ បានបង្ហាញជូនសាធារណៈជននូវទាំងអត្ថបទព័ត៌មាន និងរបស់តាំងបង្ហាញជាច្រើនមុខ ដែលជាប់ពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ៗចំនួន ៣គឺ ១.ប្រពៃណីជាន់ស្លុងស្លដែករបស់ជនជាតិកួយ ២.ហត្ថកម្មប្រពៃណីក្នុងតំបន់ និងសិប្បកម្មខ្មុកម្រ័ក្សណ៍របស់អ្នកស្រុកស្ទោង ដែលមត៌កទាំងនេះសុទ្ធសឹងឆ្លុះបញ្ចាំងឱ្យឃើញអំពីវប្បធម៌ដ៏សំបូរបែបដែលកំពុងវត្តមាននៅក្នុងខេត្តកំពង់ធំ។

គូសបញ្ជាក់ផងដែរថា ពិព័រណ៌អចិន្ត្រៃយ៍ស្ដីពី “មត៌កវប្បធម៌អវបី”នេះទទួលការគាំទ្រថវិកាពីគម្រោង ផាត ទី ស៊ីភែន ប្តូក្រាម (Participant Programme) ២០២៤-២០២៥ នៃអង្គការយូណេស្កូ តាម រយៈគណៈកម្មការជាតិយូណេស្កូកម្ពុជា ដើម្បីអនុវត្តគម្រោងដែលមានឈ្មោះ “ការស្រាវជ្រាវ ការចងក្រង និងតាំងពិព័រណ៌មត៌កវប្បធម៌អរូបីជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក” បង្កើតឡើងក្នុងគោលបំណងសំខាន់ៗ ៥ចំណុច រួមមាន៖ ១.រួមចំណែកការពារ និងថែរក្សាបតិកភណ្ឌវប្បធម៌អរូបី ២.ចង់ក្រងឯកសារ ៣.ស្វែងយល់អំពីអត្ថន័យ និងសារៈសំខាន់នៃជំនឿ។ ៤.លើកកម្ពស់ការយល់ដឹង និងអត្តសញ្ញាណជាតិ និង ៥.លើកកម្ពស់ និងគាំទ្រវិស័យទេសចរណ៍វប្បធម៌។

អត្ថបទដោយ រិទ្ធី-ពិនិត្យដោយអ៊ុមញឹប