ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ថវិកាបេឡាមរណសង្គ្រោះ និងអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត អមដំណើរដោយលោក ជួន សិលាវុិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានដឹកនាំសហការី នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងស្រុកកំពង់ស្វាយ រួមជាមួយអាជ្ញាធរដែនដី ឃុំ ភូមិ បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ ដែលបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានរបស់សព ស្ថិតនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ នាយនាយរងការិយាល័យយោធាតំបន់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ថា៖ លោក ហ៊ន ពៅ ជាអតីតយុទ្ធជន អាយុ ៦៥ឆ្នាំ មានឋានន្តរសក្ដិ អនុសេនីយ៍ត្រី បានចូលរួមបម្រើក្នុងជួរកងទ័ព នៅអតីតអង្គភាពវរសេនាតូចលេខ៥៥ យោធាខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៨៨ ។ ហើយត្រូវបានក្រសួងការពារជាតិដាក់ចូលនិវត្តន៍នៅក្នុងឆ្នាំ២០១២ លោកត្រូវបានទទួលមរណភាពដោយសាររោគា ពាធ កាលពីថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានបន្សល់ទុកនូវភរិយា និងកូន រស់នៅក្នុងបន្ទុកចំនួន ៥នាក់ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកអនុសេនីយ៍ត្រី ហ៊ន ពៅ ជាអតីតយុទ្ធជន ដែលធ្លាប់បានចូលរួមតស៊ូប្រយុទ្ធក្នុងសមរភូមិជាច្រើន នៅក្នុងខេត្តកំពង់ធំ ក្នុងការការពារ ទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ និងបានចូលរួមចំណែកអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនក្រុមគ្រួសារសព និងប្រជាពលរដ្ឋអំពីប្រសាសន៍សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង គិតទាំងការយកចិត្តទុកដាក់ ការសិក្សារៀនសូត្រ ការផ្តល់ការងារសមស្របសម្រាប់កូនចៅអតីតយុទ្ធជន និងនិវត្តជនយេីង រួមទាំងការដោះស្រាយដីធ្លី និងផ្ទះសម្បែង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគ្មានដីគ្មានផ្ទះ ពិតប្រាកដផងដែរ ។

នៅក្នុងឱកាស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធសព អតីតយុទ្ធជនសោធននិវត្តន៍ ឈ្មោះ ហ៊ន ពៅ នេះដែរ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀលនិងគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពផងដែរ  និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី ហ៊ន ពៅ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕