(ខេត្តដុងណាយ, វៀតណាម)៖ គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយ លោក ម៉ែន គុង អភិបាលរងខេត្ត តំណាងឱ្យ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមសំណេះសំណាល និងជូនពរក្នុងកម្មវិធី “អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦” នៅខេត្តដុងណាយ ប្រទេសវៀតណាម។
ក្នុងឱកាសដ៏មហោឡារិកនេះ លោក វូ ហុងវ៉ាន់ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តដុងណាយ រួមជាមួយថ្នាក់ដឹកនាំខេត្ត បានទទួលស្វាគមន៍ គណៈប្រតិភូខេត្តស្ទឹងត្រែងយ៉ាងកក់ក្តៅបំផុត។
ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៃខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានពាំនាំនូវមនោសញ្ចេតនាជ្រាលជ្រៅ និងពរជ័យសិរីសួស្តីជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក្នុងឱកាសឆ្នាំថ្មី២០២៦។
លោក ម៉ែន គុង បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងខេត្តស្ទឹងត្រែង និងខេត្តដុងណាយ គឺផ្អែកលើស្មារតីបងប្អូន និងការយោគយល់គ្នា ដែលស្តែងចេញតាមរយៈ កិច្ចសហការជិតស្និទ្ធ រវាងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ការអភិវឌ្ឍរួមគ្នា បានជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គមកិច្ចឱ្យកាន់តែរីកចម្រើន មានសាមគ្គីភាពយូរអង្វែង កសាងទំនុកចិត្តក្នុងនាមជាអ្នកជិតខាងល្អ ដើម្បីផលប្រយោជន៍រួម នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។
ជាការឆ្លើយតបប្រកបដោយមនោសញ្ចេតនា លោកស្រី តុន ង៉ុកហាញ់ និង លោក ង្វៀន វ៉ាន់អ៊ុត ថ្នាក់ដឹកនាំខេត្តដុងណាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ប្រតិភូខេត្តស្ទឹងត្រែង ដែលជាសក្ខីភាពបង្ហាញពីមិត្តភាពដ៏រឹងមាំ និងនាឱកាសនោះ ថ្នាក់ដឹកនាំខេត្តដុងណាយ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងបានសង្កត់ធ្ងន់ថា៖ “កាយវិការដ៏ល្អប្រពៃ នៃការសួរសុខទុក្ខគ្នាទៅវិញទៅមកនេះ គឺជាមរតកដ៏មានតម្លៃសម្រាប់បណ្តុះស្មារតីដល់កូនចៅជំនាន់ក្រោយ ឱ្យបន្តថែរក្សាប្រពៃណីសាមគ្គីភាព កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត”។
គួររំលឹកផងដែរថា ក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅខេត្តដុងណាយនេះ ក៏មានការអញ្ជើញចូលរួមពី គណៈប្រតិភូជាន់ខ្ពស់មកពីបណ្តាខេត្តផ្សេងៗ នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តស្ទឹងត្រែង ,ខេត្តមណ្ឌលគិរី, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម និងខេត្តកំពង់ធំ ផងដែរ៕ដោយ៖ឡុង សំបូរ





































