តើជំនាញរដ្ឋបាលព្រៃឈើនៅឯណា? បណ្តោយឱ្យរថយន្តដឹកឈើខុសច្បាប់បើកឆ្លងខេត្ត ចូលដល់កណ្តាលក្រុងសៀមរាប ទើបបង្ក្រាបបាន

0

​ខេត្តសៀមរាប៖ មហាជនកំពុងដាក់សញ្ញាសួរ និងរិះគន់យ៉ាងចាស់ដៃទៅលើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បន្ទាប់ពីឃើញរថយន្តកែច្នៃដឹកឈើប្រណីតមួយគ្រឿង អាចបើកឆ្លងកាត់ពីខេត្តព្រះវិហារ រហូតមកដល់កណ្តាលក្រុងសៀមរាប ទើបកម្លាំងនគរបាលសេដ្ឋកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចសង្កាត់ជ្រាវ។
​ករណីនេះបានធ្វើឱ្យមានការងឿងឆ្ងល់ថា តើមន្ត្រីជំនាញមេព្រៃដែលប្រចាំការតាមដងផ្លូវ និងតាមសង្កាត់រដ្ឋបាលព្រៃឈើនីមួយៗ ភ្នែកស្រវាំង ឬក៏មាន “អាថ៌កំបាំង” អ្វីនៅពីក្រោយ ខណៈដែលរថយន្តដឹកឈើខុសច្បាប់ដ៏ធំមួយគ្រឿងនេះ អាចធ្វើដំណើរឆ្លងកាត់ស្រុកស្វាយលើ និងឆ្លងខេត្តបានយ៉ាងរលូនដូចជិះលើផ្លូវលំដាប់ផ្កាយបែបនេះ?
​បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើបថា រថយន្តកែច្នៃពាក់ស្លាកលេខ ភ្នំពេញ 2BJ-9053 នេះ បានលួចដឹកឈើចេញពីខេត្តព្រះវិហារ ហើយបានមកលាក់ខ្លួនក្នុងដេប៉ូមួយកន្លែងនៅភូមិខ្នារ សង្កាត់ជ្រាវ ជាយូរឆ្នាំមកហើយ។ សកម្មភាពនេះបានចោទជាសំណួរថា ប្រសិនបើគ្មានការត្រូវរ៉ូវគ្នា ឬការធ្វើមិនដឹងមិនឮពីសំណាក់មន្ត្រីជំនាញក្នុងតំបន់ទេនោះ តើរថយន្តល្មើសអាចធ្វើសកម្មភាពយូរឆ្នាំបែបនេះបានដោយរបៀបណា?
​ទោះបីជាពេលនេះ វត្ថុតាងត្រូវបានបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើព្រះដាក់ក៏ដោយ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដែលនេះជាសេណារីយ៉ូដដែលៗនៃបទល្មើសព្រៃឈើ “ចាប់បានតែឡាន តែម្ចាស់រួចខ្លួន”។
​មហាជនសំណូមពរឱ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជារដ្ឋបាលព្រៃឈើថ្នាក់ជាតិ មេត្តាពិនិត្យមើលសកម្មភាពមន្ត្រីក្រោមឱវាទក្នុងខេត្តសៀមរាបផង ចៀសវាងការបណ្តែតបណ្តោយឱ្យបទល្មើសព្រៃឈើកើតមានឡើងយ៉ាងអនាធិបតេយ្យ ដោយយកលេសថា “មមាញឹកការងារព្រំដែន” បែរជាភ្លេចតួនាទីស្នូលក្នុងការការពារធនធានធម្មជាតិទៅវិញ៕
​ដោយ ប៊ុន រដ្ឋា