អភិបាលខេត្តស្ទឹងត្រែង ដាស់តឿនកម្លាំងនគរបាលការពារព្រំដែន បន្តខិតខំរួមគ្នាចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យបានជាប្រចាំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានធ្វើឡើងក្នុងគ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៧០១ ចំណុះស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៣១មករា២០២៦ នៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានថ្លែង លើកទឹកចិត្តដល់កងកម្លាំការពារព្រំដែនទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត លើកិច្ចការងារចុះយាមល្បាត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន រួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនជាប្រចាំ ជាពិសេសនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាបានលើការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ត្រូវគេមើលឃើញថា បាននាំមកនូវសុខសុវត្ថិភាពយ៉ាងពេញលេញ និងដោយមានការចូលរួមពី ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងផុលផុស ការខិតខំប្រឹងប្រែងអនុវត្តការងាររបស់កងកម្លាំងគ្រប់ប្រភេទ ក៏ដូចមន្រ្តីរាជការគ្រប់ស្ថាប័ន និងអង្គភាពរដ្ឋ បានធ្វើឲ្យខេត្តស្ទឹងត្រែង ទទួលបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមទាំងសេវាគាំពារសង្គមនានា បានយ៉ាងល្អប្រសើរ និងរីកលូតលាស់លើគ្រប់វិស័យ ធ្វើឲ្យខេត្តស្ថិតក្នុងដែនដីភាគឦសានមួយនេះ ប្រែមុខមាត់ថ្មីជាលំដាប់៕ដោយ៖ឡុង សំបូរ