សម្តេច ម៉ែន សំអន នាំយកថវិកាសម្តេចតេជោ រំលែកមរណទុក្ខ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីន

0

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មូលនិធិតេជោ១២៥ បានអញ្ចើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីន នៅខេត្តស្វាយរៀង ដែលបានរៀបចំនៅក្នុងបរិវេនវត្តសំបួរ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
គួររំលឹកផងដែរថា លោកស្រី គង់ សារឿន បានទទួលមរណភាពនាថ្ងៃអាទិត្យ ៩កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១:៣០នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ លោកស្រី គឺការបាត់បង់គួរឱ្យសោកស្ដាយបំផុតនូវម្ដាយក្មេក ម្ដាយបង្កើត និងជីដូន ដែលប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែលពេញមួយជីវិតរបស់ លោកស្រី គង់ សារឿន បានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានដល់កូនៗ និងចៅឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ និងជាការបាត់បង់នូវវីរនារីឆ្នើមមួយរូបដែលមានជំនាញក្នុងការដោះមីនដំបូងគេនៅកម្ពុជាកាលពីជំនាន់ទសវត្សរ៍ទី៨០ និងបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ដែលគំរូវីរភាពរបស់លោកស្រី និងចងចាំដល់កូនចៅជំនាន់ក្រោយគ្រប់រូបៗ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវសាររំលែកទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសព និងបានបង្ហាញនូវការសោកស្តាយនូវការបាត់បង់នូវធនធានមនុស្សមួយរូបផ្នែកដោះមីននាពេលនេះ និងបាននាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបុណ្យសពផងដែរ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយ លោក ភោគ សំអាល់ ត្រូវជាកូនប្រុសបង្កើត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី គង់ សារឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ភោគ សំអាល់ តំណាងឱ្យក្រុមគ្រួសារសព សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរដល់ក្រុមគ្រួសារលោក និងសូមគោរពជូនពរសម្តេចទាំងទ្វេរសូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕គឹមសេង