ខេត្តស្ទឹងត្រែង៖ ព្រះសង្ឃ សីលវ័ន្ត សីលវន្តី ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាព ក្រុង-ស្រុក ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សជាង ២ម៉ឺនអង្គ-នាក់ បាននិមន្តមកពីគ្រប់ទីអារាមក្នុងខេត្ត និងបានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ«មាឃបូជា»យ៉ាងអធិកអធម នៅវត្តខត្តិយារាម ហៅ «វត្តកណ្តាល»ស្ថិតក្នុងក្រុងស្ទឹងត្រែង ។
ពិធីប្រារព្ធពិធីបុណ្យ«មាឃបូជា» នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ត្រីស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្ទឹងត្រែង មានការនិមន្តពីព្រះសង្ឃប្រមាណ ១ពាន់ ៥០០អង្គ ដើម្បីប្រារព្ធពិធីរាប់បាត្រ ទៅតាមលំអានសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញជាអធិបតីពី ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈាង ឡាក់ និង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
ការប្រារព្ធពិធីបុណ្យ«មាឃបូជា» គឺជាការបង្ហាញឲ្យឃើញពីសទ្ធាជ្រះថ្លា ចំពោះព្រះរតនត្រ័យ និងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជន និងវីរកងទ័ពដែលបានពលីដើម្បីជាតិមាតុភូមិ។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងសីលធម៌សង្គមឱ្យកាន់តែរីកចម្រើនថែមទៀត។
ការប្រារព្ធពិធីបុណ្យ«មាឃបូជា»នេះទៀត មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យទាននាន ផងដែរ។
នាឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំខេត្ត និងពុទ្ធបរិស័ទ បានថ្វាយគ្រឿងសក្ការបូជា ដើម្បីរំលឹកដល់គុណបុណ្យព្រះសម្មាសម្ពុទ្ធ ដែលទ្រង់បានបង្កើត “ព្រះឱវាទបាតិមោក្ខ” និងការដាក់ព្រះជន្មាយុសង្ខារ។ ពិធីបុណ្យក៏បានរួមគ្នារាប់បាត្រ ដើម្បីប្រមូលបច្ច័យ និងចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសន្តាន និងជាពិសេស គឺវិរៈកងទ័ពដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងសន្តិភាព។
យោងតាមពុទ្ធប្រវត្តិបានចងក្រងថា បុណ្យ «មាឃបូជា» គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។
ការប្រារព្ធពិធីបុណ្យ «មាឃបូជា» នេះឡើង គឺដើម្បីប្រារព្ធនូវព្រឹត្តិការណ៏ធំៗ៣ គឺ ដើម្បីប្រារព្ធនូវការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន, ដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ និងដើម្បីប្រារព្ធថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ៕ដោយ៖ឡុង សំបូរ








































