លោកពលបាលឯក កែវ នី អតីតយុទ្ធជនពិការ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៦ខែ កុម្ភៈ ឆ្នាំ២០២៦ លោកពលបាលឯក កែវ នី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់ផ្ទះថ្មីចំនួន ១ខ្នង និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្រាប់ឡើងផ្ទះថ្មី ជូនដល់គាត់នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។

ការថ្លែងអំណរគុណនេះ នៅក្នុងឱកាសដែលឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៏ជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោកជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ រួមជាមួយអាជ្ញាដែនដី បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់គាត់នឹងក្រុមគ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិចំបក់  សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

លោក កែវ នី បានបញ្ជាក់ថា  លោកមានអាយុ ៦៥ឆ្នាំ លោកបានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ចំណុះយោធាខេត្តកំពង់ធំ មានឋានន្តរសក្ដិពលបាលឯក ហើយត្រូវបានរងរបួសត្រូវជើងខាងឆ្វេង និងត្រូវដងខ្លួន នៅក្នុងសមរភូមិអូរពោធិ៍ នៅឆ្នាំ១៩៩៤ ក្រោយមកត្រូវបានក្រសួងការពារជាតិដាក់ចូលជាយោធិនប្រភេទពិការនៅឆ្នាំ២០០២ ។ បច្ចុប្បន្នលោកមានជីវភាពលំបាកខ្វះខាត ហើយមានជម្រកស្នាក់នៅមិនសមរម្យ ដោយមានសមាជិកគ្រួសារចំនួន ៦នាក់ នៅក្នុងបន្ទុក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ។ ហើយកន្លងទៅនេះ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ៣៣ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

នៅក្នុងឱកាសប្រគល់ផ្ទះថ្មីនៅពេលនេះ  ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជាថៃ ដែលកន្លងទៅមានទីតាំងមួយចំនួនត្រូវរងការរំលោភឈ្លានពាន ពីពួកទាហានសៀម ។ ហើយវិរៈកងយោធពលខេមរភូមិន្ទរបស់យើង បានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការការពារបូរណភាពទឹកដី ។ ជាមួយនេះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យេីងបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងទប់ទល់ការពារពីការរំលោភឈ្លានពាននេះ ទាំងវិស័យ នយោបាយ ការទូត និងច្បាប់អន្តរជាតិ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរាជរដ្ឋាភិបាលនៃយើង ៕ដោយអ៊ុមញឹប