មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ក្រសួងអប់រំយុវជន និងកីឡា ជំរុញការពង្រឹងគុណភាពអប់រំ ដើម្បីអោយពលរដ្ឋក្លាយជាមូលធនមនុស្សដ៏មានសក្កដានុពល

0

ប៉ៃលិន៖ ថ្លែងនៅក្នុងពិធីបើក សន្និបាត បូកសរុបការងារអប់រំយុវជន និង កីឡាឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នៅមន្ទីរអប់រំយុវជន និង កីឡាខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ   មន្រ្តីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំពង្រឹងគុណភាពអប់រំ ពិសេសផ្តោតលើបច្ចេកវិទ្យាទំនើប ដែលជាគន្លិះមួយ ក្នុងគន្លិះទាំង៥  នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ អាណត្តទី៧ នៃរដ្ឋសភា ដើម្បីប្រែក្លាយប្រជាពលរដ្ឋបន្តវេន របស់កម្ពុជា ជាមូលធនមនុស្សដ៏មានសក្កដានុពល ក្នុងការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីអោយគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ទទួលបានជោគជ័យ គឺសំណូមពរ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ត្រូវចូលរួមក្នុងការបង្ហាត់បង្រៀន ប្រកបដោយ គុណភាព ប្រសិទ្ធិភាព និង បុរេសកម្ម ព្រមជាមួយ នូវការច្នៃប្រឌិតខ្ពស់ ក៏ដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន អោយបានគ្រប់គ្រាន់ និងប្រកបដោយផាសុខភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៍បានបន្តថា ដើម្បីអោយសិស្សានុសិស្ស ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គឺត្រូវអោយពូកគេ ចាត់ទុកសាលារៀន គឺជាផ្ទះរបស់ខ្លួន ហើយចាំបាច់ត្រូវមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលជាគណៈកម្មាការទ្រទ្រង់សាលា ក្នុងការរួមចំណែកអភិវឌ្ឍន៍សាលារៀន អោយក្លាយទៅជាកន្លែង ដែលគួរស្រឡាញ់ នឹករលឹក និងមានអារម្មណ៍ចង់មកសាលា សិក្សារៀនសូត្រ។ ក្នុងនោះ ការរៀបចំអោយមានសួនច្បារ ការដាំដើមឈើ ការបង្កើតបណ្ណាល័យ និងការបញ្ចូលនូវបច្ចេកវិទ្យា ក្នុងការអប់រំ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម វង ភិរុណ ក៏បានវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំយុវជននិងកីឡា និងអ្នកពាក់ព័ន្ធ ដែលបានរួមចំណែក ក្នុងការធ្វើអោយវិស័យអប់រំ ក្នុងខេត្តប៉ៃលិន មានការរីកចម្រើន ដោយក្នុងនោះ សាលារៀនមួយចំនួន ក៏ទទួលបានជ័យលាភី ពីក្រសួងអប់រំយុវជន និងកីឡា ក្នុងនាមជាសាលាគំរូ ទាំងក្នុងកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានស្នើអោយអង្គសន្និបាត ពិនិត្យ ពិភាក្សា និងរំលេចនូវចំណុច សំខាន់ៗ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា អោយសិស្សានុសិស្សបានបន្តការសិក្សាយ៉ាងហោចណាស់ ដល់កម្រិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងធានាបាន ការសិក្សានៅថ្នាក់ឧត្តមសិក្សា ក្នុងកម្រិត៦០%។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានអោយដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡងថ្ងៃទី១៤ ខែ  កក្កដា ឆ្នាំ២០២៥ មានបេក្ខជន សរុប ចំនួន ៩២៧នាក់ ស្រី ៥០៨នាក់។ បេក្ខជនប្រឡងជាប់ សរុបចំនួន ៨៩១នាក់ ស្មើ៩៧.១៦%។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនប្រឡង ចំនួន ៦០៣នាក់ ស្រី ៣៨២នាក់ សរុបភាគរយប្រលងជាប់ ចំនួន ៨៧.៤២% ក្នុងនោះទទួលបាន   និទ្ទេស A ចំនួន ៣នាក់, Bចំនួន ១៧នាក់, Cចំនួន ១១៥នាក់, Dចំនួន ២២៨នាក់, និងនិទ្ទេស Eចំនួន ១៥៨នាក់ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន