មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ វាយតម្លៃខ្ពស់ចំពោះអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាបចំពោះជោគជ័យក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្ស

0

សៀមរាប: កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានដំណើរការទៅពេញមួយថ្ងៃ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ខ.ប.ជ ត្រូវបានបិទនៅរសៀលថ្ងៃដដែល ដោយទទួលបាននូវ លទ្ធផលជាផ្លែផ្កាផងដែរ ។
លោកស្រី ម៉ននី រងី្ស បានថ្លែងអំណរគុណទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមក ក្នុងកិច្ចការងារប្រឆាំងអំពើជួញដូរមនុស្ស និង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។ លោកស្រីអភិបាលរងខេត្ត ក៏បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម ។ លោកស្រី ក៏បានជម្រុញបន្ថែមដល់សមត្ថកិច្ចគ្រប់អង្គភាព អាជ្ញាធរមូលដ្ឋាន និង ជាមួយអង្គការដៃគូ ដើម្បីបង្កើនការទប់ស្កាត់និងបង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ក្នុងន័យធានាទប់ស្កាត់ ការជួញដូរមនុស្សក្រោមរូបភាព នាំប្រជាពលរដ្ឋទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ ការស្មុំកូន ការធ្វើអាជីវកម្មផ្លូវភេទ និង ការប្រើប្រាស់ពលកម្មកុមារជាដេីម ។
ក្នុងឱកាសបិទកិច្ចប្រជុំនោះដែរលោកជំទាវ ជូ ប៊ុនអេង បានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផល ដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អនុវត្តបានក្នុងឆ្នាំ២០២៥ ដែលធ្វើឲ្យអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ និង ការប្រើប្រាស់កម្លាំងពលកម្មកុមារ មានការថយចុះ គួឲ្យកត់សម្គាល់ ។ ក្នុងនោះដែរលោកជំទាវក៏បានលើកនូវយុទ្ធសាស្ត្រចំនួន៤ ចំណុច នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ(២០២៤-២០២៨) ស្របតាមអនុសាសន៍ទាំង៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើង ដោយផ្តោតទៅលើ ទី១.ការលើកកម្ពស់ការបង្ការទប់ស្កាត់ (រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ) ,ទី២.ការពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ (បង្ក្រាប និងផ្តន្ទាទោស) , ទី៣.កិច្ចគាំពារ ជនរងគ្រោះ និងទី៤ ,ការងារច្បាប់គោលនយោបាយ និងកិច្ចសហប្រតិបត្តិការ ។ លោកជំទាវក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តកិច្ចការងារសំខាន់ៗ រួមមាន៖ ការពង្រឹងការផ្សព្វផ្សាយ ដោយត្រូវដាស់តឿនប្រជាពលរដ្ឋកុំឲ្យចាញ់បោកមេខ្យល់ដែលអូសទាញឲ្យឆ្លងដែនខុសច្បាប់ ឬធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ឬធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ។ ជាសំខាន់ត្រូវរួមគ្នាអនុវត្តវិធានការសរុប និងធនធានសរុប ដើម្បីបង្ក្រាបរាល់បទល្មើសជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ ។ លោកជំទាវ បានផ្តល់នូវអនុសាសន៍ និងយុទ្ធសាស្ត្រល្អៗមួយចំនួន ដែលជាប្រទីបសម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ យកទៅអនុវត្តបន្តឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់សមាជិកនៃកិច្ចប្រជុំទាំងអស់ ដើមី្បរក្សានូវភាពថ្លៃថ្នូរនៃប្រពៃណីដូនតាខ្មែរយើង និងត្រូវចូលរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដែលបានដាក់ចុះ ឲ្យទទួលបានជោគជ័យ និង ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះកុមាររងគ្រោះ និង ងាយរងគ្រោះ ដោយការរំលោភបំពាន និង អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបង្កើនការបណ្តុះបណ្តាលជំនាញដល់មន្ត្រីបន្តវេន លើកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគោលនយោ បាយ របស់រាជរដ្ឋាភិបាលកម្ពុជា សេចក្តីណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជម្រុញការបង្ការទប់ស្កាត់ លុបបំបាត់ អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៕