លោក​ឧត្ដមសេនីយ៍​ត្រី​ មាស​ យ៉ត​ ផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ

0

(កំពង់ធំ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំជួរទ័ពធ្វើការផ្សព្វផ្សាយបទបញ្ជារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង អំពីតួនាទី/ភារកិច្ចគ្រប់គ្រង និងសភាពការណ៍ជាតិ-អន្តរជាតិថ្មីៗ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរងខេត្ត លោកនាយសេនាធិការរង ប្រធាន -អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀតផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការបាទដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំទាំងអស់ ហាមដាច់ខាតពាក់ព័ន្ធជាមួយល្បែងស៊ីសងខុសនឹងច្បាប់គ្រប់ប្រភេទ ជាពិសេសមិនត្រូវកាងឬជួលទីកន្លែងឱ្យជនបរទេសទាំងឡាយណាដែលគួរសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា រាល់កម្លាំងចុះល្បាត ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ  និងកម្លាំងចុះបង្ក្រាបត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលយុត្តិធម៌ ជាកងកម្លាំងបម្រើប្រជាជន និងសង្គមជាតិ។ ប្រសិនបើមានហេតុការណ៍កើតឡើងនៅមូលដ្ឋានណាមួយ សូមកម្លាំងទាំងអស់ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីចុះបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យល្បែងស៊ីសង្ឃគ្រប់ប្រភេទនេះរីករាលដាលនៅតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។