អាជ្ញាធរ និងប្រជាសហគមន៍ បានធ្វើបុណ្យខួបបំបួសព្រៃព្រះរការ និងធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ ដោយសារគ្រាប់ផ្លោងរបស់ទាហានសៀម នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលដឹកនាំដោយលោក ឈុន ឆេន និងមានការចូលរួមពីមន្ត្រីរាជការ និងសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរការ នៅរយៈពេល ២ថ្ងៃកន្លងមកនេះ (ថ្ងៃ២-៣មីនា២០២៦) បានផ្តួចផ្តើម​រៀបចំ​ពិធី​រំលឹក​ឧទ្ទិស​ដល់​​សត្វ​ដំរី (​មេនិង​កូន​)​ចំនួន ២​ក្បាល ដែល​បាន​ស្លាប់​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២៥ និង​ពិធី​បុណ្យខួប​បំបួស​ព្រៃ​ព្រះ​រការ ដោយ​មានការ​និមន្ត​ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន ក្រុម​អង្គការសង្គម​ស៊ី​វិល​សរុប ​ប្រមាណ​២០០​អង្គ​/​នាក់ ​។

ពិធីបុណ្យ​រំលឹក ​និង​បុណ្យ​បំបួស​ដើមឈើ គឺ​ជា​ប្រពៃណី​របស់​​ជនជាតិ​ដើម​ភាគតិច រស់នៅ​ក្នុង​ព្រៃ​តំបន់ការពារធម្មជាតិ តាំងពី​យូរលង់​ណាស់​មក​ហើយ​។ ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០២៦នេះ គឺជា​ខួប​លើក​ទី​៩ នៃ​ការ​រៀបចំ​ពិធីបុណ្យ ក្នុង​គោលបំណង​រំលឹក​ដល់​គុណ​ព្រៃឈើ និង​ជីវចម្រុះ លើកកម្ពស់​ការ​យល់​ដឹង ការ​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ​ដែល​ជា​សម្បត្តិ​ដ៏​មាន​តំ​ម្លៃ​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ការ​រៀបចំ​ពិធី​បុណ្យខួប​ឆ្នាំ​២០២៦​នេះ ត្រូវ​បាន​រួម​បញ្ចូល​ជាមួយ​ការ​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ឧទ្ទិស​ដល់​សត្វ​ដំរី​ (​មេ​និង​កូន​) ចំនួន​២​ក្បាល ដែល​បាន​ស្លាប់ (​រលូត​ស្លាប់​) បន្ទាប់​ពី​រង​របួស​ធ្ងន់ធ្ងរ ​នៃ​ការ​បាញ់​ផ្លោង​របស់​ក្រុមទាហានសៀម ​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២៥ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ ត្រង់ចំណុច​អូរ​ស្កា​ច ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ​ ។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ ដំរីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រការ​-​ឆែប ខេត្តព្រះវិហារ មាន​ចំនួន​ចន្លោះ​ពី​១៥-២០​ក្បាល​។​ ពួក​វា​ធ្វើ​ដំណើរ​រកស៊ី​ជា​ក្រុម ឆ្លងកាត់​ពី​ប្រទេស​កម្ពុជា​ទៅ​ឡាវ និង​ថៃ (​ទៅ​មក​)​។ ទន្ទឹមនេះ មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន មាន​គម្រោង​រក្សា​ទុក​គ្រោងឆ្អឹង​ដំរី ធ្វើ​ជា​សំណាក និង​រៀបចំ​ទុកដាក់​រឿង​រ៉ាវ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​បន្ត​ ៕ដោយ៖ឡុង សំបូរ