ខេត្តស្ទឹងត្រែង៖ មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការសកម្មភាពការងារឆ្នាំ២០២៦ របស់កងពលតូចអន្តរាគមន៍លេខ១២៨។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូយោធភូមិភាគទី១ ដែលបានចុះមកពិនិត្យ និងវាយតម្លៃផ្ទាល់ លើសមិទ្ធផលការងាររបស់អង្គភាព។
មេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ នៃកងពលតូចអន្តរាគមន៍លេខ១២៨ ដែលបានសម្រេចស្នាដៃលេចធ្លោជាច្រើនគួរជាទីមោទនភាព ក្នុងឆ្នាំ២០២៥ កន្លងទៅ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោមេបញ្ជាការយោធភូមិភាគទី១ បានផ្តល់ជាអនុសាសន៍ណែនាំគន្លឹះចំនួន ៩ ចំណុច ដល់យោធិនទាំងអស់ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារក្នុងឆ្នាំថ្មី និងបានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗ ដល់យោធិនទាំងអស់ ត្រូវរក្សាដាច់ខាតនូវការគោរពបទបញ្ជារបស់ថ្នាក់លើ ពង្រឹងការគ្រប់គ្រងចំនួនទ័ព អាវុធយុទ្ធភ័ណ្ឌ និងគ្រឿងបំពាក់ឱ្យបានហ្មត់ចត់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជួយសង្គ្រោះគ្រួសារកងទ័ព ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាក បណ្តុះស្មារតីស្នេហាជាតិ និងមនសិការមាតុភូមិ ហ៊ានធ្វើពលិកម្មដើម្បីជាតិ ត្រូវខិតខំរៀនសូត្រយុទ្ធវិធី បច្ចេកទេស និងអប់រំនយោបាយសតិអារម្មណ៍ ដើម្បីលើកកម្ពស់សមត្ថភាព សហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងជួយសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ ដាច់ខាតត្រូវជៀសឱ្យផុតពីគ្រឿងញៀន និងអំពើខុសច្បាប់នានា ត្រូវយកចិត្តទុកដាក់លើការបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ត្រូវថែរក្សាសុខភាពយោធិនក្រោមឱវាទ ដើម្បីធានាកម្លាំងត្រៀមប្រយុទ្ធ និងបំពេញភារកិច្ចតាមផែនការ ត្រូវចេះលើកទឹកចិត្ត និងឧបត្ថម្ភដល់កងទ័ព និងគ្រួសារកងទ័ព ។
លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់អង្គភាព និងយោធិនដែលមានស្នាដៃឆ្នើម ព្រមទាំងប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយទាហាន និងនាយទាហានរង។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្តល់ជូនដល់អង្គភាព រួមមានថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ស្មារតីកងទ័ព ក្នុងកិច្ចការពារជាតិមាតុភូមិ៕ដោយ៖ឡុង សំបូរ






































