ខេត្តក្រចេះ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត នឹងត្រូវបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាផ្លូវការ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ដែលជាការសម្រេចបានមុនផែនការគ្រោងទុក ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០។
អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានឱ្យដឹងថា ទោះបីជាកាលពីពេលកន្លងទៅ គម្រោងគ្រោងនឹងបើកសម្ពោធនៅថ្ងៃទី១ ខែមេសា ក៏ដោយ ប៉ុន្តែ ក្រោមការជំរុញយ៉ាងសកម្ម ស្ពានយុទ្ធសាស្ត្រនេះ ត្រូវបានពន្លឿនការសាងសង់ឱ្យរួចរាល់មុនកំណត់។ លោកថា ការបើកដំណើរការនេះ ធ្វើឡើងស្របពេលដែលខេត្តក្រចេះ កំពុងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និងធម្មជាតិ” ដើម្បីអូសទាញភ្ញៀវទេសចរឱ្យកាន់តែផុសផុលទ្វេដង។ ហើយបុណ្យទន្លេនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧មីនា ដល់ថ្ងៃទី២៩មីនា២០២៦។
គិតត្រឹមបំណាច់ខែកុម្ភៈ ឆ្នាំ២០២៦ វឌ្ឍនភាពនៃការសាងសង់ សម្រេចបានលទ្ធផលគួរឱ្យមោទនៈ រួមមាន៖ តួស្ពានមិត្តភាពកម្ពុជា-ចិន សម្រេចបាន ៩៨,៤៤ភាគរយ ,ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធរណប សម្រេចបាន ៩៦,៨៤ភាគរយ ,ផ្លូវមេ និងផ្លូវខ្នែង សម្រេចបានរហូតដល់ ៩៩,០៩ភាគរយ ។ ដោយឡែក ការងារដែលនៅសេសសល់ត្រឹមតែជាង ១% ទៀតនោះ គឺជាការងារតុបតែងលម្អ និងការងារបង្ហើយបន្តិចបន្តួចប៉ុណ្ណោះ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅក្នុងឱកាសដ៏ពិសេសនេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងការរស់នៅ និងរក្សាក្រមសីលធម៌ខ្ពស់ ក្នុងនាមជាម្ចាស់ផ្ទះដ៏ល្អ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងអំឡុងពេលនៃការអបអរសាទរនេះ។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលតភ្ជាប់រវាង ស្រុកចិត្របុរី (ត្រើយខាងកើត) និង ស្រុកព្រែកប្រសព្វ (ត្រើយខាងលិច)។ ស្ពាននេះនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន សម្រួលការដឹកជញ្ជូនកសិផល និងទំនិញគ្រប់ប្រភេទ ភ្ជាប់បណ្តាញទេសចរណ៍ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ តភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសាន ជួយកាត់បន្ថយការចំណាយ និងពេលវេលា ជួយឱ្យការធ្វើដំណើររបស់ពលរដ្ឋមានភាពរលូន និងមិនមានការបិទចរាចរណ៍ឡើងវិញឡើយ ចាប់ពីថ្ងៃបើកឲ្យដំណើរការឆ្លងកាត់តទៅ។
សមិទ្ធផលនេះ មិនត្រឹមតែបង្ហាញពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែ គឺជាកាដូដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ៕ដោយ៖ឡុង សំបូរ






































