មន្ទីរសុខាភិបាលខេត្តកំពង់ធំ លើកកម្ពស់សេវាសុខាភិបាល ៤ចំណុចសំខាន់ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

0

កំពង់ធំ៖ ក្នុងរយៈពេលមួយឆ្នាំពេញ នៃឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបន្តជំរុញការពង្រឹងការងារសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពប្រតិបត្តិទូទាំងខេត្ត ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។

ការពង្រឹងការងារនេះ ផ្ដោតលើចំណុចគន្លឹះចំនួន៤ រួមមាន វិន័យការងារ ការផ្ដល់សេវា អនាម័យ និងគុណភាពបច្ចេកទេសព្យាបាល ដោយមានគោលបំណងធានាថា ប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅតាមមូលដ្ឋាន ទទួលបានការពិនិត្យ និងព្យាបាលប្រកបដោយគុណភាព និងសុវត្ថិភាព។

លោក ប៉ឹក គឹមសាន្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរសុខាភិបាលខេត្ត បានណែនាំ និងជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ ពង្រឹងការគោរពវិន័យការងារ កែលម្អការផ្ដល់សេវា រក្សាអនាម័យបរិស្ថាន និងលើកកម្ពស់គុណភាពបច្ចេកទេសព្យាបាល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសុខាភិបាល និងបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ។

ជាក់ស្តែង វិធានការនេះ ត្រូវបានអនុវត្តយ៉ាងសកម្មនៅតាមមូលដ្ឋានសុខាភិបាល ដោយមានការត្រួតពិនិត្យ និងសម្របសម្រួលពីការិយាល័យសុខាភិបាលស្រុក និងមន្ត្រីជំនាញ ដែលបានចុះតាមដាន និងណែនាំជាប្រចាំ ដើម្បីធានាថា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព អនុវត្តការផ្ដល់សេវាសុខាភិបាលស្របតាមស្តង់ដារ និងមានប្រសិទ្ធភាព។

លោក ហ៊ុល ឈឿន ប្រធានស្តីទីមន្ទីរពេទ្យបង្អែកស្ទោង បានលើកឡើងថា ដោយមានការណែនាំជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុក បច្ចុប្បន្ន គ្រូពេទ្យ និងគិលានុបដ្ឋាយិកា កំពុងបំពេញការងារប្រចាំថ្ងៃដោយយកចិត្តទុកដាក់លើការផ្ដល់សេវាព្យាបាលជូនអ្នកជំងឺ ស្របតាមស្តង់ដារបច្ចេកទេស និងវិធានការអនាម័យ។

ជាមួយគ្នានេះ បរិយាកាស និងអនាម័យនៅក្នុងមន្ទីរពេទ្យ ក៏ត្រូវបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងបរិស្ថានស្អាតដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកជំងឺ និងបុគ្គលិកសុខាភិបាល។
ចំណែកប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ក៏បានសម្ដែងការពេញចិត្តចំពោះការផ្ដល់សេវា និងការយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយការទទួលខុសត្រូវ។

តាមរយៈការពង្រឹងការងារសុខាភិបាលលើចំណុចគន្លឹះទាំង៤ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា កំពុងបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល ឱ្យកាន់តែខិតជិត និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អត្ថបទ : លន សុភា. ត្រួតពិនិត្យ ប៉ាត ពណ្ណរាយ