ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអគារ ឡូវ គឹមសេង។

ជាមួយគ្នានោះដែរលោក ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឡើងអានរបាយការណ៍សង្ខេបអំពីសមិទ្ធិផលការងារក្នុងឆ្នាំ២០២៥ ពីការរីកចម្រើនរបស់អង្គភាព ក្នុងនោះពាក់ព័ន្ធនឹងការកើនឡើងនូវការប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំងផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ ការកើនឡើងនូវអត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យលើសពី១០០% ការថយចុះនូវអត្រាស្លាប់ក្រោម១% ការលើកកំពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ការធ្វើឱ្យមានវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជា អេដស៍-របេង-គ្រុនចាញ់-គ្រុនឈាម និងជំងឺមិនឆ្លងនានាដូចជា ជំងឺទឹកនោមផ្អែម លើសសំពាធឈាម ការអភិវឌ្ឍកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកបន្ថែមនូវមូលដ្ឋានសុខាភិបាលដូចជាមណ្ឌលសុខភាពនៅតាមតំបន់មួយចំនួន ដើម្បីឲ្យមានតុល្យភាពនៃការគ្រប់ដណ្តប់សេវាសុខាភិបាលទៅតាមកំណើននៃប្រជាជននៅមូលដ្ឋាន ការផ្តល់នូវសេវាគាំពារសង្គមផ្នែកថែទាំ-ព្យាបាលដល់ពលរដ្ឋដោយសមធ៌ម ពិសេសអ្នកប្រើប្រាស់ប័ណ្ណមូលនិធិសមធ៌ម ប័ណ្ណ ប.ស.ស និងគ្រួសារពលរដ្ឋដែលងាយរងហានិភ័យ។

ឯកឧត្តម នួន ផារ័ត្ន បានអបអរសាទរ និវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅនេះ ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ សមិទ្ធិផលដែលទទួលបាននេះ គឺពិតជាបានមកដោយការខិតខំព្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់គ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍនានា។

ឯកឧត្តម នួន ផារ័ត្ន បន្តថា វិស័យសុខាភិបាល ជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ទ្រទ្រង់សុខមាលភាពប្រជាជនទាំងមូល ដែលតម្រូវបុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ព្យាបាលប្រជាពលរដ្ឋគ្រប់ឋានៈដោយមិនរើសអើងពូជសាសន៍ឡើយ យើងជាគ្រូពេទ្យត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តតាមតួនាទីរបស់បុគ្គលិកពេទ្យឱ្យបានត្រឹមត្រូវ។

លើសពីនេះ ឯកឧត្តម នួន ផារ័ត្ន  បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឱ្យអង្គសន្និបាតនេះ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្នុងការអភិវឌ្ឍវិសយ័សុខាភិបាលក្នុងខេត្តកំពង់ធំ ដូចតទៅ៖ ខិតខំពង្រឹងគុណភាពសេវាសាធារណៈ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធិភាព សមធម៌ និងធានានូវសេវា២៤ម៉ោងលើ២៤ម៉ោង ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ប្រកាន់យកនូវឥរិយាបថរួសរាយរាក់ទាក់ និងការប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកជំងឺ បំពាក់បំប៉នបន្ថែម និងជាប្រចាំនូវជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ខិតខំបំពាក់សម្ភារៈ-បរិក្ខាពេទ្យទំនើបៗ ដើម្បីជាជំនួយដល់ការពិនិត្យនិងព្យាបាល ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ អគារ បន្ទប់សម្រាក សម្ភារៈដំណេកឱ្យមានផាសុខភាព ធានានូវអនាម័យល្អ បរិស្ថានល្អ និងកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ ផ្តល់ការអប់រំសុខភាព និងផ្សព្វផ្សាយនូវព័ត៌មានសុខាភិបាលនានាឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ខិតខំត្រួតពិនិត្យយកចិត្តទុកដាក់ការផ្តល់សេវាសុខាភិបាលឯកជន ការគ្រប់គ្រងឱសថក្លែងក្លាយ និងខូចគុណភាព សហការឱ្យបានកាន់តែល្អប្រសើរជាមួយនឹងអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដែលជាកត្តានាំមកនូវជោគជ័យការងារ។ អត្ថបទ រដ្ឋបាលខេត្ត, រូបភាពរិទ្ធី