ខេត្តក្រចេះ៖ ក្នុងដំណើរចុះមូលដ្ឋានខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវយ៉ាងទទូចដល់ប្រជាកសិករនៅសង្កាត់កោះទ្រង់ ឱ្យរួមគ្នាថែរក្សានិងបង្កើនការដាំដុះ «ក្រូចថ្លុងកោះទ្រង់» ដែលជាផលិតផលសម្គាល់ម៉ាកភូមិសាស្ត្រ (GI) ដ៏មានតម្លៃរបស់កម្ពុជា។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រូចថ្លុងកោះទ្រង់ គឺជាផលិតផលមាសមួយក្នុងចំណោមផលិតផល GI ទាំង ៨ របស់កម្ពុជា។ ដូច្នេះ «យើងត្រូវគ្រប់គ្រង បន្សុទ្ធពូជ និងពង្រីកការដាំដុះបន្ថែម ហើយសូមកុំយកពូជប្រភេទផ្សេងមកលាយឡំ» ដើម្បីរក្សាគុណភាពនិងរសជាតិដើម ដែលពិភពលោកទទួលស្គាល់។ លោកថា ដំណាំនេះមិនត្រឹមតែផ្តល់ចំណូលពីការលក់ផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរ ឱ្យមកសម្រាកកម្សាន្តនៅសហគមន៍កោះទ្រង់ផ្ទាល់។
យោងតាមទិន្នន័យពីសាលាសង្កាត់កោះទ្រង់ បានបង្ហាញថា សកម្មភាពកសិកម្មនៅលើកោះនេះ មានសន្ទុះខ្លាំងក្លាដល់ទៅ ៩០ភាគរយ នៃប្រជាពលរដ្ឋសរុប ជាអ្នកដាំដុះក្រូចថ្លុងលើផ្ទៃដីជាង ៣០ហិកតា មានដើមក្រូច ១ម៉ឺនដើម ក្នុង ១ដើមមានផ្លែក្រូចយ៉ាងតិច ១០០ផ្លែ ក្នុង១ឆ្នាំ គឺជាទិន្នផលមធ្យមដែលទទួលបានក្នុងមួយដើម។ ហើយកសិករអាចលក់បានចន្លោះពី ៧,០០០ ទៅ ៨,០០០ រៀល ក្នុង១គីឡូក្រាម (តម្លៃបេះនៅចម្ការ)។ ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការតាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មកម្ល៉េះ។
កោះទ្រង់ គឺជាឋានសួគ៌ធម្មជាតិកណ្តាលទន្លេមេគង្គ ដែលមានចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ ដែនដីកោះនេះមាន២ភូមិ លាតសន្ធឹងលើផ្ទៃដី ២២៣ ហិកតា ដែលសម្បូរទៅដោយដីល្បាប់មានជីវជាតិ ហើយបានក្លាយជាដែនដីអំណោយផលបំផុតសម្រាប់វិស័យកសិកម្ម និងអេកូទេសចរណ៍ ដែលជួយលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕ដោយ៖ឡុង សំបូរ






































