ខេត្តក្រចេះ៖ ក្នុងស្មារតីបម្រើប្រជាពលរដ្ឋ និងពង្រឹងអភិបាលកិច្ច នៅថ្នាក់ក្រោមជាតិឱ្យកាន់តែរឹងមាំ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីទទួលខុសត្រូវរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ គឺជាលទ្ធផលកើតចេញពីការសហការគ្នាយ៉ាងស្អិតរមួត ក្នុងការចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ដែលមិនត្រឹមតែជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងជំនឿទុកចិត្តរបស់ពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។
លោករដ្ឋមន្ត្រី បានជំរុញឲ្យបន្តយន្តការ «ចុះឱ្យដល់ ស្ដាប់ឱ្យច្បាស់ ដោះស្រាយឱ្យចំ»សម្រាប់ទិសដៅការងារបន្ត និង ឯកឧត្តម បានផ្តល់អនុសាសន៍គន្លឹះ ៣ ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងឆ្នាំ២០២៦នេះ គឺត្រូវពង្រឹងវត្តមាននៅមូលដ្ឋាន ក្រុមការងារត្រូវបន្តចុះជួបប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះ ដើម្បីស្តាប់នូវរាល់ក្តីកង្វល់ មតិយោបល់ និងសំណូមពរផ្សេងៗ ត្រូវដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព គឺរាល់បញ្ហាប្រឈមដែលបានរកឃើញ ត្រូវមានយន្តការដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ត្រូវលើកកម្ពស់សេវាសាធារណៈ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿន តម្លាភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា “ការចុះមូលដ្ឋានមិនមែនជាការធ្វើតាមទម្លាប់នោះទេ ប៉ុន្តែគឺជាបេសកកម្មបម្រើប្រជាពលរដ្ឋដោយបេះដូង ដើម្បីធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោល ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិយើងឡើយ”។
គួររំលឹកផងដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារចុះជួយក្រុង-ស្រុកទាំង ៧ ត្រូវបានប្រកាសសមាសភាពជាផ្លូវការ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ យន្តការនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្ខិតការផ្តល់សេវា និងការដោះស្រាយបញ្ហា ឱ្យនៅកៀកនឹងប្រជាពលរដ្ឋបំផុត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព៕ដោយ៖ឡុង សំបូរ






































