ខេត្តក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពសំណង់ប្រវត្តិសាស្ត្រ “ផ្ទះសសរ១០០” ដែលមានទីតាំងស្ថិតក្នុងបរិវេណវិហាររកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការថែទាំ កែលម្អ និងជួសជុលសំណង់ឈើដ៏ចំណាស់នេះ ដើម្បីរក្សានូវរចនាបថដើម និងធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា។
ផ្ទះសសរ១០០ ដែលមានអាយុកាលជាងមួយសតវត្សរ៍មកហើយនោះ បានក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុតមួយក្នុងខេត្តក្រចេះ។ បច្ចុប្បន្ន ផ្ទះនេះស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ បន្ទាប់ពីម្ចាស់ផ្ទះបានធ្វើការបរិច្ចាគជូនរដ្ឋក្នុងឆ្នាំ២០២០ ដើម្បីទុកជាសម្បត្តិរួម។
បើទោះបីជាដើមឡើយផ្ទះនេះមានសសរដល់ទៅ ១០០ដើមក៏ដោយ ប៉ុន្តែដោយសារឥទ្ធិពលនៃពេលវេលា និងអាកាសធាតុ សសរមួយចំនួនធំបានពុកផុយ ទើបបច្ចុប្បន្ននៅសេសសល់សសរចំនួន ៤០ដើមប៉ុណ្ណោះ។ នៅខាងក្នុងផ្ទះ មានការដាក់តាំងបង្ហាញនូវសម្ភារបុរាណជាច្រើនដូចជា៖ គ្រឿងសង្ហារឹម និងគ្រឿងតម្បាញបុរាណ ,រូបចម្លាក់ព្រះគណេស និងវត្ថុសក្ការៈ ,ឧបករណ៍កសិកម្ម (កណ្តៀវ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើនទៀត)។
ផ្អែកតាមឯកសារស្រាវជ្រាវ និងការនិទានតៗគ្នាពីប្រវត្តិសាស្ត្រក្នុងតំបន់ ផ្ទះសសរ១០០ នេះមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ ព្រោះត្បិតផ្ទះនេះដើមឡើយមិនមែនស្ថិតនៅទីតាំងបច្ចុប្បន្ន (វត្តរកាកណ្តាល) នោះទេ។ វាត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សទី១៩ ឬដើមសតវត្សទី២០ នៅតំបន់កោះសូទិន ឬតំបន់តាមដងទន្លេមេគង្គ។ ម្ចាស់ផ្ទះដើម គឺជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឬមន្ត្រីជាន់ខ្ពស់ក្នុងសម័យកាលនោះ ដែលបានកសាងឡើង ដើម្បីបង្ហាញពីកិត្តិយស និងជីវភាព។
តាមរយៈការស្រាវជ្រាវបានបង្ហាញទៀតថា ស្ថាបត្យកម្មដ៏កម្រ(ផ្ទះ)នេះ ត្រូវបានសាងសង់ឡើងដែលមានសសររហូតដល់ ១០០ដើម គឺជាបច្ចេកទេសស្ថាបត្យកម្មខ្មែរដ៏ស្មុគស្មាញមួយ ដែលតម្រូវឱ្យមានការជ្រើសរើសឈើប្រណីត និងការផ្គុំគ្រឿងបង្គុំឈើយ៉ាងហ្មត់ចត់បំផុត។ រចនាបថនេះត្រូវបានគេស្គាល់ថាជា “ផ្ទះបុរាណប្រភេទប៉ិត” ឬ “កន្តាំង” អាស្រ័យលើទម្រង់ដំបូល ដែលត្រូវបានកែប្រែតាមសម័យកាល។
តាមរយៈការស្រាវជ្រាវដដែលបានបង្ហាញទៀតថា ផ្ទះសសរ១០០ នេះត្រូវបានគេរុះរើ និងដំឡើងឡើងវិញជាច្រើនដង។ ការនាំយកមកតម្កល់ទុកនៅក្បែរវិហាររកាកណ្តាល គឺជាបំណងប្រាថ្នារបស់ម្ចាស់ផ្ទះ និងអាជ្ញាធរដើម្បីបង្កើតជា “សារមន្ទីររស់” សម្រាប់យុវជនជំនាន់ក្រោយបានសិក្សា។ ផ្ទះនេះគឺជាមរតក និងជាភស្តុតាង ដែលនៅរស់រានមានជីវិតពីសង្គ្រាម និងការផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា។ វាជាកន្លែងផ្ទុកនូវវិញ្ញាណនៃជីវភាពរស់នៅតាមបែបអ្នកស្រុកដងទន្លេមេគង្គ។
ដូច្នេះការចុះពិនិត្យរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅពេលនេះ គឺជាសញ្ញាវិជ្ជមាននៃការចាប់ផ្តើមយុទ្ធនាការ “ទេសចរណ៍ផ្សារភ្ជាប់នឹងបេតិកភណ្ឌ” ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តក្រចេះឱ្យកាន់តែច្រើនឡើង។
បំណងនៃ”ការអភិរក្សផ្ទះសសរ១០០ មិនត្រឹមតែជាការរក្សាសំណង់ឈើមួយខ្នងនោះទេ ប៉ុន្តែវាគឺជាការថែរក្សា ‘សព្វវចនាធិប្បាយរស់’ នៃជីវភាពរស់នៅរបស់បុព្វបុរសខ្មែរតាមដងទន្លេមេគង្គ។ វត្តមានរបស់ថ្នាក់ដឹកនាំនាពេលនេះ គឺជាការផ្តល់កម្លាំងចិត្តដល់មន្ត្រីវប្បធម៌ និងបំផុសស្មារតីយុវជនឱ្យកាន់តែស្រឡាញ់ និងស្វែងយល់ពីឫសគល់របស់ខ្លួន”៕ដោយ៖ឡុង សំបូរ






































