ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសចុះបំពេញបេសកកម្ម ផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងនូវទស្សនៈវិស័យយុទ្ធសាស្ត្រ ជុំវិញការគ្រប់គ្រងលំហូរទំនិញឆ្លងដែន ជាពិសេសទំនិញពីប្រទេសថៃ ដែលនាំចូលតាមច្រកព្រំដែនឡាវ ចូលមកកាន់កម្ពុជា។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងលទ្ធភាព នៃការបិទខ្ទប់ទំនិញ លោកអភិបាលខេត្តបានពន្យល់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ថា កម្ពុជាមិនអាចផ្អាកការនាំចូលទំនិញទាំងស្រុងបានឡើយ។ លោកបានបញ្ជាក់ថា “ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន កម្ពុជាត្រូវតែគោរពតាមគោលការណ៍ពាណិជ្ជកម្មសេរី។ ការបដិសេធទំនិញពីប្រទេសសមាជិក ដោយគ្មានមូលហេតុបច្ចេកទេស អាចនាំឱ្យកម្ពុជារងទណ្ឌកម្មសេដ្ឋកិច្ច ដែលនឹងប៉ះពាល់ដល់ស្ថិរភាពជាតិ ខណៈយើងកំពុងមមាញឹកក្នុងការការពារបូរណភាពទឹកដី និងដោះស្រាយបញ្ហាសង្គម។”
ទោះជាយ៉ាងណា លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តមិនបន្ធូរដៃចំពោះទំនិញខុសច្បាប់ឡើយ រាល់ទំនិញនាំចូលត្រូវតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងបង់ពន្ធចូលថវិកាជាតិឱ្យបានគ្រប់ចំនួន។ លោកថា ចំពោះទំនិញដែលនាំចូលតាមច្រករបៀងខុសច្បាប់ នឹងត្រូវចាត់វិធានការក្ដៅ ដោយការដុតកម្ទេចចោល និងអនុវត្តទោសទណ្ឌលើម្ចាស់ទំនិញដោយគ្មានការលើកលែង។
លោកអភិបាលខេត្តស្ទឹងត្រែង បានផ្តល់ជាអនុសាសន៍ដល់ប្រជាពលរដ្ឋ ឲ្យប្រើប្រាស់ “អំណាចនៃការជ្រើសរើសទំនិញ” ព្រោះថា ការធ្វើពហិការមិនទិញ និងមិនប្រើប្រាស់ គឺជាវិធីសាស្ត្រដ៏មុតស្រួចបំផុត “ប្រសិនបើបងប្អូនប្រជាពលរដ្ឋ រួមចិត្តគ្នាឈប់ប្រើប្រាស់ទំនិញទាំងនោះ អ្នកនាំចូលនឹងមិនអាចបន្តអាជីវកម្មបានឡើយ ព្រោះគ្មានទីផ្សារ។ លោកថា នេះគឺជាយន្តការដែលនឹងធ្វើឱ្យទំនិញទាំងនោះ បាត់បង់ទៅវិញដោយឯកឯង ដោយមិនចាំបាច់ប្រើកម្លាំងបិទខ្ទប់។”
លោកអភិបាលខេត្ត ក៏បានរំលឹកផងដែរ នូវមេរៀនប្រវត្តិសាស្ត្រក្រោយឆ្នាំ ១៩៧៩ ដើម្បីដាស់ស្មារតីពលរដ្ឋឱ្យប្រែក្លាយការឈឺចាប់ មកជាការខិតខំប្រឹងប្រែងកសាង និងការពារជាតិ ជៀសវាងការធ្លាក់ចូលក្នុងស្ថានភាពឯកោផ្នែកសេដ្ឋកិច្ច។
ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល លោក ឡាច ប៊ុនឡង បានបញ្ជាក់ថា បច្ចុប្បន្នការនាំចូលទំនិញថៃតាមច្រកឡាវ មានការថយចុះយ៉ាងខ្លាំង។ លោកថា ការធ្លាក់ចុះនេះ មិនមែនកើតឡើងដោយសារការបិទច្រកទ្វារនោះទេ ប៉ុន្តែគឺដោយសារតែ “ចរន្តពហិការ” ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលបាននិងកំពុងបង្ហាញឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារជាក់ស្តែង៕ដោយ៖ឡុង សំបូរ





































