លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ  

0

(កំពង់ធំ)÷ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ ស្ថិតនៅគេហដ្ឋានចំនួន០៤គ្រួសារគឺ÷ ១-លោកវរសេនីយ៍ឯក សៀក បាន នាយ
ការិយាល័យសុខាភិបាល (គ្រោះថ្នាក់ចរាចរណ៍)។ ២-លោកវរសេនីយ៍ឯក ចាក ច័ន្ទរ៉េត នាយការិយាល័យ នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ មានជំងឺ (ទឹកនោមផ្អែម )។ ៣-លោកវរសេនីយ៍ឯក ថោង ខេមរ៉េត នាយ
ការិយាល័យរដ្ឋបាល មានជំងឺ (ត្បៀតសរសៃចង្កេះ )។ ៤-លោកវរសេនីយ៍ទោ អ៊ុក សុភារម្យ នាយរងការិយាល័យវិទ្យុទាក់ទង (ឈឺសន្លាក់) ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ដែលជួបការលំបាក ឬជំងឺឈឺថ្កាត់ ត្រូវដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ ដល់លំនៅដ្ឋានមន្ត្រីរូបនោះ ដើម្បីផ្តល់ភាពកក់ក្តៅ ព្រមទាំងរំលែកនូវការលំបាក ដែលកើតមានឡើងលើបងប្អូន។

លោកឧត្តមសេនីយ៍ទោស្នងការ បន្តថ្លែងថា ទោះបីជាមមាញឹកយ៉ាងណា ក្នុងនាមលោក ជាប្រធានអង្គភាព នៅពេលដែលទទួលដំណឹងមន្ត្រីជួបទុក្ខលំបាក លោកតែងតែដឹកនាំកងកម្លាំងចុះអន្តរាគមន៍ បានទាន់ពេលវេលាគឺមិនបោះបង់ចោលបងប្អូន នាគ្រាណាមួយឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានថ្លែងលើកទឹកចិត្ត ព្រមទាំងជូនពរ សូមឱ្យបងប្អូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ តាមរយៈការថែទាំសុខភាព មានអនាម័យរស់នៅស្អាត បរិភោគស្អាត ពិសារឱសថតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងសម្រាកគ្រប់គ្រាន់ តាមដានត្រួតពិនិត្យសុខភាពជាប្រចាំ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ដើម្បីឆាប់បានវិលត្រឡប់ បន្តចូលរួមចំណែកបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ ក្នុងបុព្វហេតុ ជាតិមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានោះដែរលោកស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនដល់បងប្អូន ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយបញ្ហាជាប្រចាំថ្ងៃ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោក ថោង ខេមរ៉េត តំណាងឱ្យមន្ត្រីទាំង០៤គ្រួសារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ថវិកាចំនួន និងគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងទាំងអស់ សូមជួបប្រទះតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។