កំពង់ចាម: អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋ
លេខាធិការប្រចាំការក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវការងារជាអាទិភាពគឺការបង្កើតយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នា នឹងរួមគ្នាចុះហត្ថលេខានាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ សំដៅរួមគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃការ ដោះស្រាយវិវាទ តាមរយៈការសម្របសម្រួល ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅព្រះរាជាណាចក្រកម្ពុជា ។ ផ្អែកតាមអនុស្សារណៈ នៃការយោគយល់គ្នានេះ អ.ដ.ក និងរដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជិន ម៉ាលីន ក៏បានធ្វើការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារ បច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត សហការគ្នាយ៉ាងជិតស្និត ក្នុងការចរចាពិភាក្សា និង រៀបចំឡើងដោយជោគជ័យ នអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្របសម្រួលផ្សះផ្សាវិវាទ រហូតឈានដល់ការចុះហត្ថលេខានាឱកាសនេះ ៕






































