ខេត្តមណ្ឌលគិរី៖ ភាពលំបាកវេទនា នៃការធ្វើដំណើរតាមផ្លូវដីរអិលនារដូវវស្សា ក្នុងស្រុកពេជ្រាដា ជិតក្លាយជាអតីតកាលហើយ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាង កំពុងលេចរូបរាងឡើងយ៉ាងត្រដែត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់។
គោលដៅយុទ្ធសាស្ត្រ ដើម្បី”តភ្ជាប់ដង្ហើមសេដ្ឋកិច្ច រវាងឃុំ និងឃុំ” នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាព “ខ្សែផ្លូវប្រវត្តិសាស្ត្រ” ដែលតភ្ជាប់រវាង ឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ។ គម្រោងដ៏ធំធេងនេះ គឺការកសាងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងរឹងមាំ មានប្រវែងជាង ១០ គីឡូម៉ែត្រ (ទទឹង ៦ ម៉ែត្រ) និងការកសាងសំណង់ទំនប់បង្ហៀរទឹក សម្រាប់បម្រើដល់វិស័យកសិកម្ម ដែលជាសមិទ្ធផលកើតចេញពី “តម្រូវការជាក់ស្ដែង” របស់ពលរដ្ឋមូលដ្ឋាន។
អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានមានប្រសាសន៍ ដោយក្តីសោមនស្សថា នេះគឺជា “សមិទ្ធផលប្រវត្តិសាស្ត្រ” សម្រាប់អ្នកពេជ្រាដា ដែលកាលពីមុន ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ឬការធ្វើដំណើរទៅសាលារៀនរបស់ក្មួយៗសិស្សានុសិស្ស ជួបការលំបាកខ្លាំងណាស់ ជាពិសេសនៅរដូវភ្លៀង។ ប៉ុន្តែពេលនេះ ភាពងងឹតស្លុបត្រូវបានជំនួសដោយ “ក្តីសង្ឃឹម” និងភាពងាយស្រួលគ្រប់ច្រកល្ហក។
លោក ថង សាវុន បានបញ្ជាក់ថា “យើងមិនត្រឹមតែសាងសង់ផ្លូវឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅយើង”។ ចំពោះគម្រោងកសាងផ្លូវនេះស្ថិតក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដោយមានការគាំទ្រហិរញ្ញប្បទានពី ធនាគារពិភពលោក (World Bank)។ លោកអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីបច្ចេកទេស ត្រូវធានាគុណភាពសំណង់ឱ្យបានរឹងមាំបំផុតតាមស្តង់ដារ។ រីឯប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាផ្លូវនេះ ទុកជាកេរមរតកសម្រាប់សហគមន៍។
យោងតាមផែនការគម្រោងសាងសង់ផ្លូវ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រនោះ បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០២៥ នោះមក នឹងត្រូវបញ្ចប់ជាស្ថាពរនៅ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ នៅពេលរួចរាល់ ផ្លូវប្រវត្តិសាស្ត្រនេះនឹងក្លាយជា “សរសៃឈាមសេដ្ឋកិច្ច” ដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តមណ្ឌលគិរី ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕ដោយ៖ឡុង សំបូរ







































