អភិបាលរងខេត្តកំពង់ធំលើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឱ្យបានខ្ពស់ ព្រោះវប្បធម៌ជាដើមកំណើតនៃអត្តសញ្ញាណជាតិ

0

កំពង់ធំ៖ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ លើកទឹកចិត្តដល់យុវជនត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឱ្យបានខ្ពស់ ព្រោះវប្បធម៌ជាដើមកំណើតនៃអត្តសញ្ញាណជាតិ ។

ឯកឧត្តម ហាន កុសល បានថ្លែងក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌ជាតិ) នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ក្នុងសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ ។

ឯកឧត្តមបន្តថាក្នុងការសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យមនុស្សម្នាក់ៗត្រូវតែមានកត្តាធំៗ៤សំខាន់ ដើម្បីសម្រេចគោលដៅក្នុងជីវិតគឺ៖

១.ចំណេះដឹងដើម្បីឱ្យខ្លួនឯងមានសមត្ថភាព បទពិសោធន៍ និងជំនាញពិតប្រាកដនៅក្នុងជីវិត ការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវអភិវឌ្ឍខ្លួនឯងឱ្យមានអាជីពពិតប្រាកដ ក្នុងការកសាងអនាគតឱ្យបានភ្លឺស្វាង។

២.ជំនាញត្រូវតែមានសីលធម៌ ជីវធម៌ គុណធម៌ ដើម្បីដឹកនាំប្រកបដោយយុត្តិធម៌ត្រឹមត្រូវ និងតម្លាភាព ជាគុណតម្លៃរបស់មនុស្ស។

៣.សុខភាព ដើម្បីឱ្យការងារមួយសម្រេចទៅបានសំខាន់ត្រូវមានសុខភាពឱ្យបានល្អ បរិភោគអាហារឱ្យបានត្រឹមត្រូវ ឧស្សាហាត់ប្រាណ កាត់បន្ថយគ្រឿងស្រវឹង និងគ្រឿងកំប៉ុងផ្សេងៗ។

៤.មូលធនមនុស្ស ប្រជាជនខ្មែរយើងត្រូវមានភាពធន់ ចូលរួមចំណែកសាមគ្គីគ្នា ធ្វើការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។

ឯកឧត្តម ហាន កុសល បានផ្ដាំផ្ញើនិងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ បន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឱ្យបានខ្ពស់ វប្បធម៌ជាដើមកំណើតនៃអត្តសញ្ញាណជាតិ ហើយសិល្បៈជាកញ្ចក់បង្ហាញពីអរិយធម៌របស់សង្គមយើង។ បង្ហាញភាពទំនួលខុសត្រូវ ខិតខំស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីថែរក្សា និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើន។ ការងារដែលអ្នកកំពុងធ្វើ មិនត្រឹមតែជាការសិក្សាទេ ប៉ុន្តែជាការចូលរួមក្នុងការអភិរក្សអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់ជាតិផងដែរ។ សូមជូនពរឱ្យអ្នកទាំងអស់គ្នា ជាពិសេសក្មួយៗដែលជាសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សា និងអាជីពការងារនាពេលអនាគត។

តាមការបញ្ជាក់ពីលោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឲ្យដឹងថាចំពោះសម្បត្តិវប្បធម៌អរូបី មកទល់បច្ចុប្បន្ន មន្ទីរបានតម្លើងស្នាដៃ សិល្បៈទស្សនីយភាពថ្មីចំនួន៣៤ស្នាដៃ រាល់ពេលដែលស្នាដៃទាំងនោះ ចូលរួមប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិ គឺតែងតែទទួលបាននូវលទ្ធផលគួរជាទីគាប់ប្រសើរក្នុងនោះមាន ៖ របាំកួយស្លដែកត្រឡែកកំពង់ធំ និងល្ខោនបាសាក់រឿងដាវដែកកំពង់ស្វាយ ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។

លោកបន្តថា ដើម្បីផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ ក្រុមសិល្បៈរបស់មន្ទីរបានចេញសំដែងនៅសួនច្បារស្ទឹងសែន ចំនួន៤លើក ជូនសាធារណជនទូទៅទស្សនាហើយមន្ទីរបានធ្វើការបណ្តុះបណ្តាលសិល្បៈជូនដល់អ្នកជំនាន់ក្រោយជារៀងរាល់ឆ្នាំនិងបានបញ្ជូនមន្ត្រីជំនាញសិល្បៈចុះបង្ហាត់សិល្បៈរបាំនិងតន្ត្រីនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ថែមទៀតផង។