អភិបាលខេត្តរតនគិរី ជំរុញសហគ្រាសក្នុងស្រុក បង្កើនការងារជូនពលរដ្ឋក្នុងតំបន់

0

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី ​លោក ញ៉ែម សំអឿន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យផ្ទាល់ដល់ខ្សែសង្វាក់ផលិតកម្ម​សហគ្រាសផលិតក្តារបន្ទះ GUOXING PLYWOOD ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការកែច្នៃឈើកសិកម្មចាស់ៗ ឱ្យទៅជាផលិតផលសម្រេច​ ដើម្បីជំរុញក្នុងយុទ្ធនាការសេដ្ឋកិច្ចមូលដ្ឋាន និងការប្រើប្រាស់ធនធានក្នុងស្រុក ឱ្យអស់លទ្ធភាព ។

​          សហគ្រាស GUOXING PLYWOOD ដែលមានទីតាំងនៅស្រុកអូរជុំ បានបង្ហាញពីគំរូសេដ្ឋកិច្ចវិលជុំដ៏ជោគជ័យមួយ ដោយយកដើមកៅស៊ូ និងដើមចន្ទីដែលចាស់ៗ (ហួសអាយុកាលផ្តល់ផល) របស់ប្រជាកសិករក្នុងខេត្ត មកច្នៃជាក្តារបន្ទះដែលមានគុណភាពខ្ពស់។ ហើយក្នុងមួយថ្ងៃ សហគ្រាសអាចផលិតបានរហូតដល់ ១,០០០ សន្លឹក ដើម្បីផ្គត់ផ្គង់ទីផ្សាររាជធានីភ្នំពេញ។

​          អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានមានប្រសាសន៍ នៅក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២៥មីនា២០២៦ ថា ដើម្បីជំរុញការអភិវឌ្ឍ ត្រូវពង្រីកកម្លាំងពលកម្ម ជំរុញឱ្យសហគ្រាសស្រូបយកពលរដ្ឋក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់កម្រិតជីវភាពតាមគ្រួសារ ,រដ្ឋបាលខេត្តត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីធានាឱ្យអាជីវកម្មដំណើរការដោយរលូន និងការបង្កើនខ្សែសង្វាក់ផលិតកម្ម ត្រូវលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែម លើវត្ថុធាតុដើមក្នុងខេត្ត ដែលជាការជួយបង្កើនចំណូលដល់កសិករម្ចាស់ចម្ការចន្ទី និងកៅស៊ូ។

តំណាងសហគ្រាសបានឱ្យដឹងថា ក្រៅពីផលិតកម្មក្តារបន្ទះ សហគ្រាសក៏បានទាញយកអត្ថប្រយោជន៍ពីទីតាំង និងធនធានដែលមានស្រាប់ ដើម្បីបណ្តុះ “ផ្សិតអ័ស្ទ័រ និងផ្សិតភ្លៅមាន់” សម្រាប់ផ្គត់ផ្គង់ទីផ្សារបន្ថែមទៀតផងដែរ។ សកម្មភាពនេះបានបង្ហាញពីភាពច្នៃប្រឌិតខ្ពស់ក្នុងការបង្កើនប្រភពចំណូលចម្រុះ។

លោកបានបន្តថា តាមរយៈការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត សហគ្រាស GUOXING PLYWOOD ត្រូវបានរំពឹងថា នឹងក្លាយជាសហគ្រាសគំរូមួយក្នុងស្រុកអូរជុំ ដែលមិនត្រឹមតែជួយដល់វិស័យឧស្សាហកម្មឈើប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាបង្អែកសេដ្ឋកិច្ចសម្រាប់កម្មករនិយោជិតជិត ១០០ នាក់ ដែលកំពុងបម្រើការងារនៅទីនោះផងដែរ៕ដោយ៖ឡុង សំបូរ