«អាហារដ្ឋានត្មាត» នៅតំបន់អភិរក្សសៀមប៉ាង៖ បេសកកម្មសង្គ្រោះភ្នាក់ងារអនាម័យធម្មជាតិ ត្រូវចំណាយក្នុងតម្លៃ ៨០០ដុល្លារក្នុងមួយសប្តាហ៍

0

ខេត្តស្ទឹងត្រែង៖ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសត្វស្លាប ជិតផុតពូជបំផុតនៅលើពិភពលោក ក្រុមអ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង បានសម្រេចចិត្តចំណាយថវិកាប្រមាណ ៨០០ដុល្លារ ជារៀងរាល់សប្តាហ៍ ដើម្បីទិញក្របីមួយក្បាលធ្វើជាចំណីបំប៉នដល់សត្វត្មាត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការរក្សាវត្តមាន សត្វកម្រនេះឱ្យនៅគង់វង្ស។

មន្ត្រីនៃអង្គការ Rising Phoenix ​លោក អៀង សំណាង បានពន្យល់ថា សត្វត្មាតមិនមែនគ្រាន់តែជាសត្វស្លាបធម្មតានោះទេ ប៉ុន្តែពួកវាគឺជា «ភ្នាក់ងារអនាម័យ» ឬ «អ្នកសម្អាតបរិស្ថាន» ដ៏ជំនាញរបស់ធម្មជាតិ។ លោកថា ត្មាតមានតួនាទីយ៉ាងសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគ និងជំងឺឆ្លងផ្សេងៗ។ ការបាត់បង់សត្វត្មាត អាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈរបស់មនុស្សជាតិផងដែរ។

លោក អៀង សំណាង បានបន្តថា ជាធម្មជាតិ ត្មាតជាសត្វដែលស៊ីតែសាច់សត្វដែលងាប់ស្រាប់ (Scavenger) ដោយពួកវាមិនដែលសម្លាប់សត្វដទៃ ដើម្បីធ្វើជាចំណីឡើយ។ លោកថា កាលពីមុន ត្មាតតែងពឹងផ្អែកលើសំណល់សាច់ ដែលសេសសល់ពីការប្រមាញ់របស់សត្វខ្លាធំ ចចក ឬសត្វពាហនៈរបស់អ្នកភូមិដែលឈឺងាប់ក្នុងព្រៃ។

តែទោះជាយ៉ាងណា បច្ចុប្បន្នវត្តមានសត្វខ្លា និងសត្វចចកក្នុងព្រៃកម្ពុជា បានថយចុះយ៉ាងខ្លាំង រហូតដល់ជិតផុតពូជដែលធ្វើឱ្យ «ខ្សែចង្វាក់អាហារ» របស់ត្មាតត្រូវបានកាត់ផ្តាច់។ កត្តានេះហើយដែលតម្រូវឱ្យមានការបង្កើត «អាហារដ្ឋានត្មាត» (Vulture Restaurant) ដើម្បីធានាថា ពួកវានឹងមិនស្លាប់ដោយសារការដាច់ពោះនោះទេ។ ដែនជម្រកសត្វព្រៃសៀមប៉ាង បច្ចុប្បន្ន គឺជាជម្រកដ៏ធំ និងសំខាន់បំផុតសម្រាប់សត្វត្មាតនៅក្នុងប្រទេសកម្ពុជា។

លោក អៀង សំណាង បានបញ្ជាក់ថា យោងតាមទិន្នន័យកត់ត្រាក្នុងឆ្នាំ២០២៤ វត្តមានសត្វត្មាតនៅក្នុងតំបន់នេះមានរហូតដល់ ១៣៤ក្បាល។ តួលេខនេះបង្ហាញពីភាពជោគជ័យនៃកិច្ចការអភិរក្ស ប៉ុន្តែក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរក្នុងស្វែងរកថវិកា ដើម្បីផ្គត់ផ្គង់ចំណីបន្ថែមផងដែរ។ លោកថា «បញ្ហាប្រឈមចម្បងរបស់យើងនាពេលនេះ គឺការកៀរគរថវិកាដើម្បីទិញគោ ឬក្របីដែលមានសុខភាពល្អឱ្យត្មាតស៊ី ព្រោះយើងចង់ឱ្យពួកវាទទួលបានអាហារគ្រប់គ្រាន់ ដើម្បីបង្កើនលទ្ធភាពក្នុងការបន្តពូជ និងពង្រីកចំនួនសមាជិកឡើងវិញ»។

លោក អៀង សំណាង បានបញ្ជាក់បន្ថែមថា សត្វត្មាតចំនួន ៣ ប្រភេទដែលរស់នៅកម្ពុជា រួមមាន៖ ត្មាតត្នោត ត្មាតផេះ និងត្មាតភ្លើង សុទ្ធតែស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វ «រងគ្រោះថ្នាក់ជិតផុតពូជបំផុត» (Critically Endangered) នៅលើពិភពលោក។ ដូច្នេះ កិច្ចការអភិរក្សនៅសៀមប៉ាង មិនត្រឹមតែជាមោទនភាពរបស់កម្ពុជានោះទេ ប៉ុន្តែ គឺជាការរួមចំណែកដ៏ធំធេងដល់តុល្យភាពបរិស្ថានសកល។

ការចូលរួមគាំទ្រពីសាធារណជន តាមរយៈការបញ្ឈប់ការបរបាញ់ ការមិនប្រើប្រាស់ថ្នាំបំពុលក្នុងព្រៃ និងការជួយផ្សព្វផ្សាយពីតម្លៃនៃសត្វកម្រនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សា «ស្តេចស្លាបសម្អាតលោក» ឱ្យនៅមានវត្តមានលើដែនដីសុវណ្ណភូមិនេះ តទៅមុខទៀត៕ ដោយ៖ឡុង សំបូរ