ខេត្តព្រះវិហារ៖ នៅក្នុងវិធានការណ៍ក្ដៅ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានបើកប្រតិបត្តិការចុះបង្ក្រាប ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ និងគំនរឈើលាក់ទុកជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ច ដែលបានចុះផ្ទាល់ដល់ទីតាំង បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោក ធុច បញ្ចាសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ និងមានការសម្របសម្រួលនីតិវិធី ដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង។ កម្លាំងចម្រុះក្នុងប្រតិបត្តិការនេះរួមមាន អាជ្ញាធរស្រុកជាំក្សាន្ត និងមន្ត្រីបរិស្ថាន បានសហការគ្នាចុះរុករក និងបង្ក្រាបនៅចំណុចគោលដៅចំនួន ២ គឺ ស្ថិតនៅភូមិបង្គោល៨ និងភូមិចារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញទីតាំងសិប្បកម្ម ដែលលួចលាក់ដំណើរការដោយគ្មានច្បាប់អនុញ្ញាត និងបានដកហូតវត្ថុតាងជាឈើកែច្នៃពាក់កណ្តាលសម្រេច រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នាក់ការបរិស្ថាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈដែលមេឈ្មួញកំពុងស្ថិតក្រោមការស៊ើបអង្កេត។
តាមការស៊ើបអង្កេតបឋម ក្រុមឈ្មួញបានលួចជ្រៀតចូលទៅកាប់ឈើចេញពី តំបន់ព្រៃព្រះរកា រួចដឹកជញ្ជូនយកមកកែច្នៃនៅក្នុងសិប្បកម្មទាំងនេះ មុននឹងបន្តចែកចាយទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតជារៀងរាល់ថ្ងៃ។ សកម្មភាពបទល្មើសនេះបានក្លាយជាកង្វល់យ៉ាងខ្លាំង ដល់ការបាត់បង់គម្របព្រៃឈើក្នុងតំបន់ការពារ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការណ៍ក្តៅរបស់អាជ្ញាធរខេត្ត។ ពួកគាត់សង្ឃឹមថា សមត្ថកិច្ចនឹងបន្តយុទ្ធនាការបង្ក្រាបនេះឱ្យបានជាប់ជាប្រចាំ ទាំងទីតាំងកែច្នៃ និងខ្សែរយៈដឹកជញ្ជូន ដើម្បីធានាឱ្យបាននូវការអភិរក្សព្រៃឈើក្នុងស្រុកជាំក្សាន្ត ឱ្យនៅគង់វង្សសម្រាប់ពេលអនាគត៕ដោយ៖ឡុង សំបូរ






































