ខេត្តរតនគិរី៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)” នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលមហោស្រពរតនៈ សាលាខេត្តរតនគិរី ។
អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពី លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អយ្យការ ពន្ធនាគារ អង្គការសង្គមស៊ីវិល និងអ្នកនាំពាក្យនៃរដ្ឋបាលក្រុង-ស្រុកនានា នៃខេត្តរតនគិរី។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានជ្រើសរើសខេត្តរតនគិរី សម្រាប់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ លោកបានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាវេទិកាតម្លៃសម្រាប់ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា រាល់ការអភិវឌ្ឍ និងការលើកកម្ពស់សិទ្ធិមនុស្ស មិនអាចកាត់ផ្តាច់ពី “សន្តិភាព” បានឡើយ។ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ បង្កើតការងារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ ពីគោលបំណងសំខាន់ៗ ពីរការរៀបចំសិក្ខាសាលានេះ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ,ការអនុវត្តកាតព្វកិច្ចអន្តរជាតិ ដោយបញ្ជាក់ពីការគោរពកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ,បញ្ជ្រាបការយល់ដឹង ធ្វើឱ្យមន្ត្រីរាជការ និងភាគីពាក់ព័ន្ធយល់ដឹងកាន់តែច្បាស់អំពីការងារសិទ្ធិមនុស្ស និង ជំរុញឱ្យអង្គភាពនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ យកសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ ICERD ទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់ ក្នុងការលើកជាសំណួរ ផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និងភាពសុខដុមរមនាក្នុងសង្គមកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕ដោយ៖ឡុង សំបូរ






































