កំពង់ធំ៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បាននាំយកអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋជាគ្រួសារងាយរងហានិភ័យចំនួន២០០គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
សកម្មភាពមនុស្សធម៌នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយការយកចិត្តទុកដាក់ ដើម្បីចូលរួមសម្រាលការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះស្ថានភាពខ្វះខាត និងងាយរងហានិភ័យនៅក្នុងមូលដ្ឋាន។
លោក ឡាយ ស៊ីលី និងលោក សាយ គឹមឡម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយបង្ហាញពីការយកចិត្តទុកដាក់ជានិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អំណោយដែលបានចែកជូននាពេលនោះ គឺជាការចូលរួមដ៏មានអត្ថន័យក្នុងការជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារងាយរងហានិភ័យទាំង ២០០គ្រួសារ និងបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងការមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោ ក្នុងពេលជួបការលំបាក។
ប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្រុក និងក្រុមការងារ ដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ដោយផ្ទាល់។
ជារួមការចែកអំណោយនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងស្រុក ចំពោះប្រជាពលរដ្ឋងាយរងហានិភ័យ និងបានរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង៕
នៅក្នុងឱកាសនេះដែរលលោកប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោកប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ដល់តាមខ្នងផ្ទះ ដើម្បីប្រមូលព័ត៌មាន ស្ដាប់នូវបញ្ហាសម្ដីផ្ទាល់ សំណូមពរ និងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋថែមទៀតផង ដើម្បីបានជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និងត្រូវគោលដៅ។
សូមបញ្ជាក់ថា ការចែកអំណោយនៅពេលនេះមានដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន សំលៀកបំពាក់ ព្រមទាំងថ្នាំពេទ្យមួយចំនួនថែមទៀត។






































