រដ្ឋបាលក្រុងសំរោង ត្រៀមរៀបចំពិធី «សង្ក្រាន្តជំរំបាត់ថ្កៅ» នៅថ្ងៃទី០១ ខែមេសា ខាងមុខនេះ ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងតំបន់

0

​(ឧត្តរមានជ័យ)៖ ការបង្កើតបរិយាកាសសប្បាយរីករាយ និងការរក្សានូវប្រពៃណីជាតិដ៏ល្អផូរផង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាកិច្ចការដែលរដ្ឋបាលក្រុងសំរោង យកចិត្តទុកដាក់ខ្ពស់ នាថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ដោយមានការចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោកស្រី ហេង សុជាតិ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះរៀបចំតុបតែងលម្អក្នុងបរិវេណទីតាំងជំរំបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

​សកម្មភាពរៀបចំនៅថ្ងៃនេះរួមមាន ការតុបតែងសោភ័ណភាព រៀបចំដាក់ទង់ជាតិ ទង់ជ្វាលា ចងផ្ទាំងបដា «សង្ក្រាន្តជំរំបាត់ថ្កៅ សូមស្វាគមន៍» និងបំពាក់ភ្លើងលម្អតាមដើមឈើឱ្យមានភាពស្រស់ស្អាត និងមានពន្លឺចម្រុះពណ៌ ដើម្បីឱ្យការប្រារព្ធពិធីមានភាពអធិកអធម។ ការរៀបចំទីតាំងកម្សាន្ត កំណត់ទីតាំងសម្រាប់លេងល្បែងប្រជាប្រិយខ្មែរ រៀបចំវេទិកាប្រគំតន្ត្រី និងតំបន់សប្បាយភាពនានា ដើម្បីត្រៀមទទួលស្វាគមន៍ប្រជាពលរដ្ឋ ឱ្យមកចូលរួមបានច្រើនកុះករ។

​ពិធី «សង្ក្រាន្តជំរំបាត់ថ្កៅ» គ្រោងនឹងរៀបចំឡើងយ៉ាងអធិកអធមនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ រដ្ឋបាលក្រុងសំរោង ក្រោមការដឹកនាំរបស់ លោក ផុន ចាន់និល អភិបាលក្រុង នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាការចងចាំដ៏សប្បាយរីករាយ និងមានអត្ថន័យជ្រាលជ្រៅ ស្របតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសប្រពៃណីជូនដល់ប្រជាពលរដ្ឋភៀសសឹក៕ដោយ៖ភ្នំដងរ៉ែក