ខេត្តក្រចេះ៖ ក្រោមបរិយាកាសដ៏អធិកអធមនៃដងទន្លេមេគង្គ ពិធីបុណ្យទន្លេលើកទី១០ ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។
ពិធីបើកជាផ្លូវការនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ២២ម៉ឺន ៤ពាន់ ៤៦៨ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធនាការដាស់ស្មារតីឱ្យរួមគ្នាការពារ «រតនសម្បត្តិមានជីវិត» ព្រោះត្បិតសត្វផ្សោតទន្លេមេគង្គ គឺជាសូចនាករដ៏សំខាន់នៃសុខភាពប្រព័ន្ធអេកូឡូស៊ី។ ហើយវត្តមានរបស់សត្វផ្សោតសបញ្ជាក់ឲ្យឃើញថា ជីវចម្រុះក្នុងទន្លេនៅមានតុល្យភាព ដែលផ្ដល់ជាប្រភពស្បៀង និងទឹកសម្រាប់មនុស្សរាប់លាននាក់។
សត្វផ្សោតកាំពី គឺជាដង្ហើមសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ការអភិរក្សសត្វផ្សោត គឺជាការរក្សាស្ថិរភាពចំណូល និងបង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាកស្រុក។ ទន្លេមេគង្គកម្ពុជាគឺជាប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការនេសាទខុសច្បាប់ និងការបំពុលបរិស្ថាន ដើម្បីធានាបាននូវ «ទន្លេបៃតង» ប្រកបដោយចីរភាព។
ខេត្តក្រចេះបានបង្ហាញខ្លួន ជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ជាតិ តាមរយៈការរៀបចំកម្មវិធីលើ ៣ ផ្នែកធំៗរួមមាន៖ អេកូទេសចរណ៍ គឺជាភាពទាក់ទាញនៃកោះទ្រង់ កោះផ្តៅ និងកោះ៣០ ដែលផ្តល់បទពិសោធន៍សម្រាកកាយបែបធម្មជាតិពិតៗ ,ទេសចរណ៍ធម្មជាតិ គឺការទស្សនាសត្វផ្សោត និងការជិះទូកមើលថ្ងៃលិចតាមដងទន្លេមេគង្គ ដ៏ស្រស់ត្រកាល និងវប្បធម៌ និងប្រវត្តិសាស្ត្រ គឺជាការឈ្វេងយល់ពីប្រវត្តិវត្តសសរ១០០ និងរសជាតិដើមនៃ «ក្រឡានថ្មគ្រែ» ដែលជាអត្តសញ្ញាណមិនអាចខ្វះបាន។
ក្រៅពីសកម្មភាពទេសចរណ៍ ពិធីបុណ្យទន្លេក៏ជាវេទិកាដ៏ធំសម្រាប់តាំងបង្ហាញ និងលក់ផលិតផលក្នុងស្រុកមកពី ២៥ រាជធានី-ខេត្ត នេះគឺជាយន្តការមួយជួយជំរុញសកម្មភាពសេដ្ឋកិច្ចខ្នាតតូច បង្កើនមោទនភាពជាតិ និងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ ឱ្យកាន់តែប្រសើរឡើង។
ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នេះ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយសារដាស់តឿនដល់គ្រប់មជ្ឈដ្ឋានថា «ការអភិរក្ស និងការអភិវឌ្ឍ ត្រូវតែដើរទន្ទឹមគ្នា ដើម្បីភាពរុងរឿងនៃទន្លេមេគង្គយើង»៕ដោយ៖ឡុង សំបូរ










































