ខេត្តស្វាយរៀង
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តស្វាយរៀង ត្រូវបានរៀបចំទ្បើង កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ស្ថិតក្នុងបរិវេណវត្តបាវិត ក្រុងបាវិត ដោយមានការអញ្ជើញ ជាអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង លោកប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីពាក់ព័ន្ធ នឹងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនផងដែរ ។
ឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះទ្បើងនាពេលនេះ គឺជានីតិវិធី និងជាឧបករណ៍មួយ ដើម្បីបង្កើននូវវប្បធម៌ ក្នុងការពិភាក្សាគ្នា រវាងក្រុមប្រឹក្សាក្រុង ស្រុក ឃុំ នឹងក្រុមប្រឹក្សាសង្កាត់ នឹងអ្នកពាក់ព័ន្ធនានា ជាមួយក្រុមប្រឹក្សាខេត្ត សំរាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ក្នុងដំណើរការ នៃអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅក្នុងមូលដ្ឋាន តាមរយះ ផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នឹងអ្នកពាក់ព័ន្ធ នូវសមិទ្ធផល របស់រដ្ឋបាលខេត្ត ដែលបានសំរេចបាន និងបញ្ហានានា កន្លងមក ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋដែលបានចូលរួម បានលើកជាសំណូមពរ និងចោតជាសំនួរ ដល់អ្នកដែលពាក់ព័ន្ធ ជួយដោះស្រាយ រាល់បញ្ហាជាច្រើន ដូចជា សូមតបណ្តាញអគ្គិសនីរបស់រដ្ឋ បញ្ហាដីធ្លី បញ្ហាផ្លូវលំ ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងក្រុងបាវិត ។
សូមបញ្ជាក់ផងដែរថា រាល់បញ្ហាដែលប្រជាពលរដ្ឋលើកទ្បើងនោះ ត្រូវបានឯកឧត្តម ម៉ែន វិបុល អភិបាលរងខេត្តស្វាយរៀង នឹងលោកប្រធានក្រុមប្រឹក្សាខេត្ត ទទួលដោះស្រាយជាមួយក្រុមការងារថ្នាក់ជាតិបន្តទៀត ៕



































