គេ​រំពឹងថា នឹងមាន​ភ្ញៀវ​ជាង​៥​ម៉ឺន​នាក់​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នៅ​កោះកុង​

0


​កោះកុង ៖ សម្រាប់​ពី​ធី​បុណ្យ​សមុទ្រ​ឆ្នាំនេះ ដែល​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ខេត្តកោះកុង​នោះ គេ​រំពឹងថា អាច​នឹងមាន​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ​ចូលរួម​ប្រមាណ​ជាជាង​៥​ម៉ឺន​នាក់​។​
​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា លោក​មាន​សុទិដ្ឋិនិយម​ថា ភ្ញៀវ​ចំនួន​៥​ម៉ឺន​នាក់ នឹង​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​ប្រចាំឆ្នាំ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​១២ ខែធ្នូ រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៤​។​DSCF7095
​ជាមួយនឹង​ការរំពឹងទុក​ថា លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ក៏បាន​អះអាង​ដែរ​ថា ខេត្តកោះកុង ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដែរ សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​។ លោក​ថា ពេលនេះ នៅក្នុង​ខេត្តកោះកុង​ទាំងមូល​រាប់ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់ មាន​បន្ទប់​សរុប​ប្រហែល​១៧០០ តែ​វា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​នោះទេ ដូច្នេះ​ទើប​ខេត្ត​បាន​ជំរុញ​ឲ្យ​ប្រជាជន​នៅក្នុង​ស្រុក​សម្រាប់​ជួល ប្រសិនបើ​អាច​។​
​បើតាម​លោក ប៊ុន បៀ​វ ខេត្ត​ក៏បាន​ត្រៀម​រៀបចំ​ផងដែរ​នូវ​សំពត់​តង់​សម្រាប់​ជួល និង​មាន​ទីវាល​ទំនេ ដែល​អាចជួយ​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ផងដែរ​។​IMG_9601
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៤​នេះ គេ​នឹង​គ្រោង​រៀបចំ​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ​នៅ​រាត្រី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​។​IMG_9596
​ក្នុង​ពិធី​បើក​នោះ គេ​នឹងមាន​រៀបចំ​នូវ​ការបាញ់​កាំជ្រួច​ដើម្បី​អបអរ ព្រមទាំង​ការសម្តែង​របាំង របស់​ប្រទេស​កម្ពុជា ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ។ ក្នុងនោះ ក៏មាន​ការបង្ហាញ​នូវ​ក្បាច់គុន​ល្បុក្កតោ​ដោយ​សហព័ន្ធ​ល្បុក្កតោ​កម្ពុជា​, ក្បាច់គុណ​តៃ​ក្វាន់​ដូ ដោយ​វីរៈ​កីឡាការិនី ស៊ន សៀវ​ម៉ី និង​ការបង្ហាញ​ក្បាច់គុណ​ចំបាប់ ដោយ​កញ្ញា និ សំណាង ម្ចាស់​មេដាយសំរិទ្ធ Asean Beach Game របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។​
​ក្រៅពីនោះ ក៏មាន​ការរៀបចំ​នូវ​មហោស្រព​ម្ហូបអាហារ និង​ការលេង​កីឡា​លើទឹក លើ​ឆ្នេរ ដើម្បី​ជាការ​អបអរ​ដល់​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ផងដែរ​៕