សៀមរាបៈ យោងតាមមាត្រាច្បាប់រដ្ឋបាលជលផល មិនអនុញ្ញាតិឲ្យមានការ ឈូសឆាយកាយដីប៉ះពាល់ដីព្រៃលិចទឹក ដែលជាព្រៃអភិរក្សសម្រាប់ត្រីពងកូន តែបែជាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម និងអាជ្ញាធរ ជលផលអសមត្ថភាព ក្នុងការគ្រប់គ្រង បណ្តែតបណ្តោយឲ្យឈ្មួញជីកកាយដីរាប់រយឡានយកទៅលក់ប្រមូលថវិការចូលហោប៉ៅបុគ្គល ។
ឈ្មួញកាយដីព្រៃលិចទឹក បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ នៅត្រង់ចំនុចខាងកើតភ្នំក្រោម ចម្ងាយប្រមាណ៧០០ម៉ែត្រ ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានរណ្តៅដីជម្រៅ៣ម៉ែត្រ និងទំហំជាង១ហិចតា បានធ្វើឲ្យមានផលប៉ះពាល់ ដីព្រៃលិចទឹកដែលជាព្រៃសម្រាប់ថែរក្សា និងជាជម្រកសម្រាប់មឆ្ឆាជាតិពងកូន តែទោះជាមានសកម្មភាពកាយដីព្រៃលិចទឹក ដឹកយ៉ាងរំភើយរាប់រយឡានតម្រៀបគ្នាដូចផ្សារថ្មីយ៉ាងណាក្តី ក៏លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ពុំបានចាត់វិធានការ ក្នុងការទប់ស្កាត់ឬហាមឃាត់នោះទេ។
ទាក់ទិននឹងបញ្ហាចោទប្រកាន់ថា អាជ្ញាធរខេត្តមិនខ្ចីអើពើនិងសកម្មភាពរបស់ឈ្មួញកាយដីព្រៃលិចទឹក លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាប បានឲ្យដឹងថា នៅចំនុចទីតាំងខាងលើ មានឈ្មួញចំនួន២នាក់ ក្នុងនោះឈ្មួញគ្មានច្បាប់ត្រូវបានហៅមកធ្វើកិច្ចសន្យា តែសម្រាប់ឈ្មួញដែលមានច្បាប់អនុញ្ញាតិ និងឲ្យជំនាញជលផលចុះមកត្រួតពិនិត្យ ដើម្បីសិក្សាពីផលប៉ះពាល់ទីតាំងដីព្រៃលិចទឹក។
លោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផល បានឲ្យដឹងថាតាមទូរស័ព្ទថា លោកនិងឲ្យមន្ត្រីជលផលរបស់លោកចុះទៅពិនិត្យ ចំណែកលោក និត សារ៉ាវុធ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម បានដឹកនាំកម្លាំងចុះទៅពិនិត្យមាត់ផ្លូវចូលទីតាំងឈ្មួញកាយដី និងបានឲ្យដឹងថា ទីតាំងខាងលើពិតជាបានធ្វើឲ្យមាន ផលប៉ះពាល់ទៅនឹងព្រៃលិចទឹក ព្រោះជាតំបន់ហាមឃាត់ តែលោកមិនអាចហាមឃាត់ឬក៏ផ្អាកសកម្មភាពឈ្មួញបានទេ ដោយសារតែហួសដែលគ្រប់គ្រង់របស់សង្កាត់រដ្ឋបាលជលផលភ្នំក្រោម គឺជាទីតាំងនេះស្ថិតនៅក្នុងដែនគ្រប់គ្រង លោក ហួរ សង្កាត់សៀមរាប ។
លោក ហួរ អ៊ុក ម្ចាស់អជីវកម្មកាយដីព្រៃលិចទឹក បានឲ្យដឹងថាលោកមានច្បាប់ ចេញដោយលោក ជា វុធឡុង ប្រធានស្តីទី មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ក្រុងសៀមរាប ធ្វើនៅថ្ងៃទី ៧កុម្ភះ ឆ្នាំ២០១៤ ចំណែកនៅក្នុងច្បាប់បាន បញ្ជាក់ថា ពុំមានការដឹកអាចម៍ដីយកទៅលក់ឬធ្វើអជីវកម្មបានទេ គឺសម្រាប់តែយកទៅអភិវឌ្ឍន៍ផ្លូវមួយខ្សែរ ដែលមានប្រវែង៤៩៣ម៉ែត្រ ។ តែសភាពជាក់ស្តែងលិខិតត្រូវចេញជិតមួយឆ្នាំហើយ បែរជាមិនទាន់មានការដឹកដីទីស្ថាបនាផ្លូវសូម្បីតែមួយឡាន ឃើញតែដឹកយកទៅលក់ឲ្យប្រជាពលរដ្ឋនៅតាមភូមិ ក្នុងមួយថ្ងៃជិត១០០០ឡាន់មិនតែប៉ុណ្ណោះសុពលភាពនៃការធ្វើអជីវកម្ម ត្រូវបានផុតកំណត់៥ថ្ងៃទៀត តាមការអះអាងរបស់ម្ចាស់អជីវកម្ម។
ដោយ ប៊ុន រដ្ឋា