សិស្សឆ្នើមចំនួន ៧២០នាក់ ដែលជាប់ចំណាត់ថ្នាក់សិស្សពូកែលើគ្រប់មុខវិជ្ជា ប្រចាំឆមាសទី១ ឆ្នាំសិក្សា ២០១៣.២០១៤ នៃវិទ្យាល័យអង្គរ ខេត្តសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត កាលព្រឹក ថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃ
គណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មាតាបិតា អាណាព្យាបាលសិស្ស និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ផងដែរ ។
បន្ទាប់ពីលោកនាយកវិទ្យាល័យអង្គរ បានធ្វើកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍ អំពីសកម្មភាព នៃការងារអប់រំសិក្សារបស់វិទ្យាល័យ ប្រចាំឆមាសទី១ ព្រមទាំងបានធ្វើការបញ្ជាក់ពីគោលបំណង នៃការ ប្រគល់រង្វាន់ដល់សិស្សឆ្នើមទាំង៧២០រូប ក្នុងការលើកទឹកចិត្តសិស្ស ឲ្យបានខិតខំសិក្សារៀនសូត្រ ក៏ដូចជាការពញ្ញាក់ស្មារតីសិស្ស ដែលគ្មានចំណាត់ថ្នាក់ បានខិតខំសិក្សាក្នុងការប្រឡងប្រជែង ហើយក៏ជាការ ពង្រឹងពង្រីកនូវចំណេះដឹងសិស្សគ្រប់រូប ដែលជាសសរស្តម្ភ នៃធនធានមនុស្សក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាតិទៅថ្ងៃអនាគត ។
មានប្រសាសន៍នោះឯ.ឧ ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស មានចំណាត់ថ្នាក់ល្អក្នុងគោលបំណងឲ្យមានចំណេះដឹងបញ្ញាស្មារតី មនសិការ និងរួមចំណែកជួយលើកកម្ពស់គុណភាពសេវាកម្មផ្នែកអប់រំនៅក្នុងខេត្តសៀមរាបឲ្យកាន់តែល្អប្រសើរជាងមុន ។ ឯកឧត្តម ក៏បានឲ្យ ដឹងថា ក្រោមកិច្ចដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះធ្វើឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញបរិបូណ៌ទូទាំងប្រទេស មានការអភិវឌ្ឍនិង លើកកម្ពស់ពង្រីកជាលំដាប់លើគ្រប់វិស័យពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរស្របតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាខេត្តសៀមរាប ក៏បាននិងកំពុងជម្រុញនូវការអភិវឌ្ឍខេត្ត ដើម្បីរួមចំណែកពង្រឹងខឿនសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្លាំងក្លា តាមរយៈការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រព័ន្ធចម្រោះទឹកកង្វក់ ប្រព័ន្ធធារាសាស្ត្រជាពិសេស ដោយមានការចូលរួមពីប្រជាពលរដ្ឋអាជ្ញាធរខេត្ត បានជម្រុញនូវការស្តារ និងកែលម្អសោភ័ណភាពស្ទឹងសៀមរាប ឲ្យស័ក្តសមជាទីក្រុងទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ លើពិភពលោក ក្នុងនោះការជម្រុញ និង ពង្រីកការងារអប់រំត្រូវបានអនុវត្តយ៉ាងសកម្ម ។
ឯ.ឧ ឃឹម ប៊ុនសុង ក៏បានលើកផងដែរ លើការធានានូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ជូនភ្ញៀវជាតិ អន្តរជាតិ ដែលជាកត្តាមួយ នាំឲ្យមានកំណើនភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាបគួរឲ្យកត់សម្គាល់។ ដោយកត្តានេះហើយតម្រូវឲ្យខេត្តសៀមរាបត្រូវខិតខំជម្រុញអភិវឌ្ឍផ្នែកសេវាកម្មទេសចរណ៍ ក្នុងខេត្តឲ្យកាន់តែល្អប្រសើរឡើង ហើយតម្រូវការចាំបាច់នូវធនធានមនុស្ស ធនធានខួរក្បាល សម្រាប់បំពេញតាមតម្រូវការផ្សេងៗ ដែលជាចលករដ៏សំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនីមួយៗ ដែលនឹងកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិទាំងមូល ហើយអ្នកដែលទទួលផលដំបូងនោះ គឺប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តល់ដំបូលន្មានមួយចំនួន ដល់ក្មួយៗសិស្សានុ សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូលន្មានលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលខ្លួន និង មិត្តភក្តិល្អ ដែលជាការរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព និងបរិមាណ សម្រាប់តម្រូវការវឌ្ឍនភាពក្នុងខេត្តសៀមរាប ។
ឯ.ឧ ឃឹម ប៊ុនសុង ក៏បានស្នើឲ្យលោកនាយកវិទ្យាល័យអង្គរខិតខំពង្រឹងវិន័យឲ្យបានម៉ឹងម៉ាត់ថែមទៀតដើម្បីអប់រំដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីឲ្យទទួលបានចំណេះដឹងពិតប្រាកដ និង បន្តជម្រុញនូវបរិមាណកម្លាំង នៃវិស័យអប់រំក្នុងសម័យសាកលភាវូបនីយកម្មនេះឲ្យកាន់តែខ្លាំងក្លា និង ជាប់ចំណាត់ថ្នាកល្អ។ក្នុងនោះដែរឯកឧត្តមក៏បានជម្រាបដល់មហាជនទូទាំងខេត្ត ក៏ដូចលើផ្ទៃប្រទេស អំពីការ ធ្វើផ្លូវក្នុងក្រុងសៀមរាប ដែលបណ្តាសារព័ត៌មានគ្រប់មជ្ឈដ្ឋាន បានចោទប្រកាន់ថា អាជ្ញាធរខេត្តនឹងធ្វើការកាប់ ដើមឈើនៅមុខព្រះរាជដំណាក់ ដើម្បីពង្រីកផ្លូវនោះ គឺខុសពីការពិតនៃគម្រោងរបស់ខេត្ត ក៏ប៉ុន្តែទាំងនេះគឺជាសិទ្ធរបស់ពួកគេ ដែលមានការព្រួយបារម្ភអំពីសម្បត្តិធម្មជាតិ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ ។
ក្នុងនោះឯកឧត្តមក៏បានធ្វើការអំពាវនាវ ដល់ប្រជាជនក្នុងខេត្តសៀមរាប ក៏ដូចទូទាំងប្រទេស ក្នុងការ ចូលរួមអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខ លើទឹកដីប្រវត្តិសាស្ត្រ សូមឲ្យ បងប្អូនចូលរួម ក្នុងការថែរក្សាអនាម័យ បរិស្ថាននៅក្រុងសៀមរាប ឲ្យមានភាពស្រស់ត្រកាល ទទួលស្វាគមន៍ភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រនេះ ៕