សៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉េអឹមស្រុក នគរបាលអធិការស្រុកជីក្រែងនិងមន្ត្រីរ៉ែនិងថាមពលខេត្ត ចុះប្រត្តិបត្តិការបង្ក្រាបករណីជីករ៉ែទង់ដែង(ស្ពាន់)ដែលហួសអាជ្ញាប័ណ្ណអស់សុពលភាពកាលបរិច្ឆេទថ្ងៃទី២៧ខែតុលាឆ្នាំ២០១៤ ដោយមានការស្រាវជ្រាវនិងសហការពីអាជ្ញាធរមូលដា្ឋនបានល្អ ទើបសមត្ថកិច្ចចុះបិទទីតាំងនោះជាបណ្តោះអសន្ន ចំណែកម្ចាស់ទីតាំងរត់គេចខ្លួនបាត់។
ហេតុការចុះបិទទីតាំងខាងលើជាបណ្តោះអសន្ននោះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៦ស្ថិតនៅចំណុចជាំក្រវ៉ាញ ក្នុងភូមិសាស្ត្រ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកនាំដោយលោក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តសៀមរាប និងដឹកនាំសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ប្រធានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងមន្ត្រីជំនាញចូលរួមជាច្រើននាក់។
លោក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្ត បានប្រាប់ នៅព្រឹកថ្ងៃទី១៥ខេមករាឆ្នាំ២០១៦នេះថា ក្នុងការចុះប្រត្តិបត្តិការ បិទទីតាំងក្រុមហ៊ុនជីករ៉ែទង់ដែង(ស្ពាន់) របស់ចិនមួយកន្លែង នៅស្រុកជីក្រែងជាបណ្តោះអសន្ននោះ ខណៈពេលដែលសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរកទីតាំងរ៉ែរបស់ក្រុមហ៊ុនចិនខាងលើ ព្រមទាំងឃើញមានរថយន្តបែនដឹកដីនិងគ្រឿងចក្រសម្រាប់ជីករ៉ែយកទៅលក់ជាច្រើនគ្រឿង។
លោកបន្តថា ក្រុមហ៊ុនជីករ៉ែទង់ដែង(ស្ពាន់)ដែលអស់អាជ្ញាប័ណ្ណផុតសុពលភាពកាលបរិច្ឆេទថ្ងៃទី២៧ខែតុលាឆ្នាំ២០១៤ ត្រូវបានក្រុមហ៊ុនចិន មកវិនិយោជ លើផ្ទៃដីចំនួន៣៦០០ហិកតា ដែលបានផ្ទេរសិទ្ធមកពីក្រុមហ៊ុន ណឹម ម៉េងគ្រុប តាំងពីឆ្នាំ២០១២មក រហូតមកដល់បច្ចុប្បន្ន។លោកបានបញ្ជាក់ថា មុនឈានដល់ធ្វើការបិទទីតាំងខាងលើជាបណ្តោះអសន្ននោះ ត្រូវបានក្រុមហ៊ុនចិន១នេះបានធ្វើសកម្មជីករ៉ែទង់ដែង(ស្ពាន់)ដឹកយកទៅលក់នៅទីក្រុងភ្នំពេញចំនួន២ឡាន ស្មើនឹង៤០តោន កាលពីខែកញ្ញាឆ្នាំ២០១៥ ហើយត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំចាប់បានកន្លងទៅលោកបានបន្ថែមថា តំណាងក្រុមហ៊ុនចិនដែលត្រូវឃាត់ខ្លួនជាបណ្តោះអសន្នមានឈ្មោះ លីវ ភីងស៊ីង ភេទប្រុសអាយុ៤១ឆ្នាំជាជនជាតិចិន។ក្រោយពីធ្វើការឃាត់ខ្លួនត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឱ្យធ្វើកិច្ចសន្យា ចំពោះសមត្ថកិច្ច ដើម្បីបញ្ឈប់សកម្មជីកយករ៉ែ តទៅទៀតនិងឱ្យត្រឡប់ទៅផ្ទះវិញ។ចំណែកម្ចាស់ទីតាំង ដែលបានរត់គេចខ្លួនបាត់ស្រមោលនោះ ត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់អស់ហើយ។
លោកបានបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្មជីករ៉ែនៅលើទឹកដីខេត្តសៀមរាបដោយគ្មានការសហការជាមួយនឹងមន្ត្រីជំនាញនោះ វាជាទង្វើផ្ទុយពីច្បាប់ ស្តីពី ការគ្រប់គ្រងនិងធ្វើអាជីវកម្មធនធានរ៉ែនៅកម្ពុជា។ រីឯក្រុមហ៊ុនចិន ដែលបានជីករ៉ែទង់ដែង(ស្ពាន់)យកទៅលក់ឱ្យឈ្មួញធំៗនោះបានជីកជាច្រើនឆ្នាំមកហើយ ចំពោះម្ចាស់ក្រុមហ៊ុនចិន ដែលបានគេចខ្លួនបាត់នោះ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវនិងស្វែងរក ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយវេហាស៍