ឥឡូវនេះលោកស្រីយីងឡាក់ បាន ចុះចេញពីតំណែងទៅហើយ ក្រុមបាតុករ ចង់បាននាយករដ្ឋមន្ដ្រីមួយដែលអព្យា ក្រឹត្យដើម្បីពិនិត្យការកែទម្រង់ការបោះ ឆ្នោតក្នុងគោលដៅកម្ចាត់កុំឱ្យសែ ស្រឡាយស៊ីណាវ៉ាត្រាមានអំណាច។ ពួក គេនិយាយថា នឹងរារាំងការបោះឆ្នោត ទាំងឡាយណាដែលកើតឡើង មុនការ កែទម្រង់។ ប៉ុន្ដែលោក Niwatthamrong ដែលធ្លាប់ជាឧបនាយករដ្ឋមន្ដ្រី និងជា រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ក្រោមបង្គាប់ លោកស្រីយីងឡាក់ ព្រមទាំងអតីត ប្រធានក្រុមហ៊ុនរបស់លោកថាក់ស៊ីន ផងនោះថ្លែងថា ការបោះឆ្នោតគួរតែ កើតឡើងជាមុនសិន។ លោកថ្លែងថា «យើងមិនអាចបញ្ឈប់ការបោះឆ្នោត ទេ យើងបញ្ឈប់ មានន័យថា យើងប្រឆាំង នឹងច្បាប់ ។
យើងបោះឆ្នោតមុន ទើប ការកែទម្រង់ជាក្រោយ»។ លោកថាក់ស៊ីន ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ពលរដ្ឋនៅតាមជនបទដាច់ស្រយាលទីទ័លក្រដោយគោលនយោបាយរបស់គាត់ ប៉ុន្ដែធ្វើឱ្យមានការពុំសប្បាយចិត្ដពីសំណាក់ក្រុមអភិជនដែលស្និទ្ធព្រះបរមរាជវាំង។ លោកថាក់ស៊ីន បាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស គេចពីជាប់ឃុំក្នុងពន្ធនាគារក្នុងឆ្នាំ២០០៨ក្រោមបទ ពុករលួយ ។
ការចោទប្រកាន់នេះ លោកថាក់ស៊ីន ថ្លែងថា ជាហេតុផលនយោបាយប៉ុណ្ណោះ។ មេដឹកនាំបាតុករប្រឆាំង លោកស៊ូថេប ថងស៊ូបាន អតីតឧបនាយករដ្ឋមន្ដ្រីក្នុងរដ្ឋាភិបាលដឹកនាំគណបក្សប្រជាធិបតេយ្យបានអំពាវនាវសភាជាន់ខ្ពស់ តុលាការ និងគណៈកម្មការបោះឆ្នោតឱ្យយល់ព្រមតែងតាំងនាយករដ្ឋមន្ដ្រីថ្មី។ លោក Niwatthamrong បញ្ជាក់ថា វាមិនអាចទៅរួចនោះទេ។ លោកថ្លែងថា «មានជំហានច្រើនណាស់ដែលពួកគេត្រូវធ្វើ។ ពួកគេអាចព្យាយាម ប៉ុន្ដែខ្ញុំមិនជឿថា ពួកគេទទួលជោគជ័យនោះឡើយ»។
គ្មានផែនការរដ្ឋប្រហារ យោធាដែលជាញឹកញាប់លូកដៃចូលធ្វើអន្ដរគមន៍ក្នុងបញ្ហានយោបាលកាលពីអតីតកាលនោះ នៅម្ដងនេះ បានប្រកាសនៅឆ្ងាយពីស្ថានការណ៍បែបនោះ ទោះជាមានការអំពាវនាវពីក្រុមប្រឆាំងឱ្យបណ្ដេញរដ្ឋាភិបាលគាំទ្រលោកថាក់ស៊ីនយ៉ាងណាក៏ដោយ។ អ្នកនាំពាក្យយោធា លោក Winthai Suvaree បានថ្លែងថា«ថ្នាក់ដឹកនាំយោធាមិនដែលលើកឡើងអំពីនាយករដ្ឋមន្ដ្រីអាព្យាក្រឹត្យនោះទេ ហើយនេះក៏ជាផែនការដែលយោធាមិនជាប់ពាក់ព័ន្ធផងដែរ ។
យោធាគ្មានគម្រោងធ្វើរដ្ឋប្រហារនោះឡើយ ហើយយោធាទុកឱ្យអ្នកនយោបាយដោះស្រាយគ្នាចំពោះបញ្ហាវិបត្ដិនេះចុះ»។ ក្រោយការស្នងរាជរបស់ព្រះមហាក្សត្រភូមបុល អាប់ឌុលយ៉ាដេត ក្នុងឆ្នាំ១៩៤៦រហូតមកដល់ពេលនេះ ប្រទេសថៃមានការរដ្ឋប្រហារយោធា៩លើក។ ព្រះមហាក្សត្រដែលព្រះជន្ម៨៦វស្សាហើយនោះធ្លាប់ធ្វើព្រះរាជអន្ដរាគមន៍កាលពីវិបត្ដិនយោបាយលើកមុន ប៉ុន្ដែលើកនេះ ព្រះអង្គពុំមានព្រះរាជបន្ទូលបែបណាឡើយ។
បាតុករប្រឆាំងបាននិងកំពុងអង្គុយតវ៉ានៅតាមកន្លែងផ្សេងៗនៅខាងក្នុង និងជាយក្រុងបាងកកនាំឱ្យមានក្ដីបារម្ភពីអំពើហិង្សាកើតឡើងជាយថាហេតុ។ ចាប់តាំងពីផ្ទុះការតវ៉ាកាលពីខែធ្នូ ឆ្នាំ២០១៣មកទល់ពេលនេះ មនុស្ស២៥នាក់បាត់បង់ជីវិតដោយសារតែអំពើហិង្សា។ មេយោធាធ្លាប់បាននិយាយថា យោធានឹងមិននៅស្ងៀមឡើយ ប្រសិនបើស្ថានការណ៍អាក្រក់ខ្លាំងឡើងនោះ។ សកម្មជនអាវក្រហមគាំទ្ររដ្ឋាភិបាលទាមទារឱ្យបោះឆ្នោតថ្មីមួយឱ្យបានឆាប់ៗតាមតែអាចធ្វើទៅបាន។
លោកថ្លែងថា «ពលរដ្ឋថៃស្គាល់ច្បាស់អំពីសិទ្ធិរបស់ពួកគេ ពួកគេជាអ្នកយល់ដឹងពីនយោបាយ ហើយពួកគេមិនទទួលយកនាយករដ្ឋមន្ដ្រីអាយ៉ងដែលតែងតាំងដោយមនុស្សមានឥទ្ធិពលឡើយ»។ ចំណែកបាតុករប្រឆាំងរដ្ឋាភិបាលបានចាកចេញពីឧទ្យានក្រុងហើយឆ្ពោះទៅកាន់មុខស្នាក់ការកណ្ដាល ប្រចាំតំបន់របស់អង្គការសហប្រជាជាតិ និងជិតក្រសួងជាច្រើន។ លោកស៊ូថេបថ្លែងប្រាប់ក្រុមគាំទ្រថា យើងបន្ដធ្វើរហូតទទួលជ័យជម្នះ។