ខេត្តស្ទឹងត្រែង៖មន្ត្រីជលផលដែលត្រូវបានតែងតាំងជាប្រធាននិងអនុប្រធានក្រុមមើលការត្រួតពិនិត្យលើក្រុមអភិរក្សសត្វផ្សោតបាននិយាយអះអាងថា ពួកគេនិងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរៀងៗខ្លួនដើម្បីការពារសត្វផ្សោតតាមដងទន្លេមេគង្គឲ្យបានគង់វង្សនិងមានការកើនឡើងនាពេលអនាគត។
និយាយដូច្នេះ គឺនៅក្នុងពិធីប្រកាសតែងតាំងសមាសភាពក្រុមឆ្មាំទន្លេការពារសត្វផ្សោតទន្លេមេគង្គប្រចាំខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតេយ្យភាពឯឧត្តម ស្រ៊ុន លឺមសុង អនុប្រធានរដ្ឋបាលជលផល និងជាអគ្គលេខាធិការរងអេសស្កាត់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីមន្ត្រីជលផលជាច្រើនរូបទៀត។
ឯកឧត្តម ស្រ៊ុន លឺមសុង បានឲ្យដឹងថា នៅភូមិសាស្ត្រទន្លេមេគង្គខេត្តស្ទឹងត្រែងរដូវបិទនេសាទគឹចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ជារៀងរាល់ឆ្នាំ។ហើយឧបករណ៏ដែលត្រូវហាមឃាត់មាន៖មងបណ្តែតនិងមងពាក់ អួនគ្រប់ប្រភេទ ម៉ាញ់ ចៃរ៉ា នាម និងសន្ទូចរនងជាដើម។
ឯកឧត្តមបានបន្តទៀតថាដើម្បីការពារសត្វផ្សោតឲ្យបានគង់វង្ស គឺត្រូវថែរក្សាពូជត្រីឲ្យបានច្រើន ពីព្រោះថាសត្វផ្សោតវាស៊ីត្រីជាអាហារ។ បច្ចុប្បន្នអន្លង់ផ្សោតនៅក្នុងខេត្តស្ទឹងត្រែងមានចំនួន៤កន្លែងគឺ៖ អន្លង់ផ្សោតអូរឈើទាល អន្លង់ផ្សោតកោះសន្ទក់ អន្លង់ផ្សោតកោះកូនសត្វ និងអន្លង់ផ្សោតត្បូងខ្លា។អន្លង់ផ្សោតទាំងបួនកន្លែងនេះត្រូវបានគេដឹងថាមានសត្វផ្សោតប្រមាន៨០ទៅ៩០ក្បាលប៉ុណ្ណោះ។