កំពង់ឆ្នាំង៖ ប្តីប្រពន្ធមួយគូរនេះត្រូវបានអ្នកស្រុកជលគីរីបានប្រគល់មេដៃឯកត្តកម្មប្រចាំស្រុកអោយទៅគ្រួសារមួយដែល ពូកែបង្កើតកូនបានច្រើនរហូតដល់ទៅដល់១៦នាក់ តែកូន៥នាក់បានឈឺស្លាប់ព្រោះតែគ្មានលុយព្យាបាលជម្ងឺ សព្វថ្ងៃកំពុងចិញ្ចឹមកូន១១នាក់យ៉ាងលំបាកវេទនា គ្មានផ្ទះសម្បែងជួលដីចំការគេរស់នៅដាំដំណាំចិញ្ចឹមជីវិត។ គ្រួសារប្តីប្រពន្ធកូនច្រើននេះ ត្រូវបានអ្នកស្រុកជលគីរីចង្អុលបង្ហាញអោយដឹង ក្នុង ពេលដែលពួកគាត់ជាជនរងគ្រោះរលំផ្ទះដោយសារខ្យល់ព្យុះកន្ត្រាក់ និងបានមកទទួលអំណោយសប្បុរសធម៌កាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងវត្តឬស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
អ្នកស្រុកអោយដឹងថា៖គ្រួសារនេះ ប្តីឈ្មោះ សយ អឿន អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ សួន ធួន អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី។ បុរសជាប្តីបាននិយាយអោយដឹងថាៈ ពីឆ្នាំ១៩៨៧ដល់១៩៩១គាត់ធ្វើទាហ៊ាននៅអង្គភាពវរៈសេនា តូចលេខ៥០ ស្នងការទព័ជើងទឹក ប្រពន្ធគាត់រស់នៅក្នុងមូលដ្ឋានពុំដែលទទួលបានដីធ្លី ស្រែចំការពីអាជ្ញាធរមូលដ្ឋានឡើយ។
ដោយសារមានកូនច្រើននិងមានភាពក្រីក្រគាត់ក៏ បានឈប់ពីទាហ៊ានមកជួលដីចំការគេក្នុង១ឆ្នាំ១០ម៉ឺនរៀល សង់ខ្ទមរស់នៅ និងខំដាំដុះដំណាំចិញ្ចឹមជីវិតទាំងលំបាកវេទនាបានផលហូបមិនដែលគ្រប់ទេ ដល់សព្វថ្ងៃនេះ។ ស្ត្រីជាប្រពន្ធបានអោយដឹងដែរថា៖ គាត់បានប្តីតាំងពីអាយុ១៤ឆ្នាំ មកដល់ពេលនេះចំណងដៃអាពាហ៍ពិពាហ៍គាត់មានរយៈពេល៣៣ឆ្នាំហើយ និងបង្កើតកូនបាន១៦នាក់ ដោយសារភាពក្រីក្រខ្វះមុខខ្វះក្រោយកូន៥នាក់បានឈឺស្លាប់ព្រោះតែគ្មានលុយព្យាបាលជម្ងឺអោយពួកគេ។
សព្វថ្ងៃកំពុងចិញ្ចឹមកូន១១នាក់ ប្រុស៤ ស្រី៧ កូនបងគេអាយុ២០ឆ្នាំ និងកូនតូចអាយុ៧ខែ ដោយសារការខ្វះខាតជីវភាពក្នុងគ្រួសារ គឺមានកូនតែម្នាក់គត់បានរៀនសូត្រនិងគេ។ ព្រោះតែគាត់គ្មានការយល់ដឹងអំពីសុខភាពបន្តពូជ គាត់ក៏បានបង្កើតកូនតាមដំណើរម៉ាសប្បាយគ្មានការទប់ស្កាត់អ្វីឡើយ ហើយកូនទាំង១៦នាក់សុទ្ធតែម្តាយគាត់ជាឆ្មបបូរាណ ជួយបង្កើតអោយនៅផ្ទះទាំងអស់ គឺមិនដែលទៅកើតនៅមណ្ឌលសុខភាពទេ និងក៏ចេះតែសុខសប្បាយធម្មតាទៅ មិនដែលមានបញ្ហអ្វីឡើយ។
ដោយមើលឃើញនូវការលំបាករបស់គ្រួសារជនក្រីក្រដែលមានកូនច្រើនខាងលើ នេះអ្នកស្រុកឃុំពាមឆ្កោក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សុំសំណូមពរដល់សប្បុរសជនដែលមានទឹកចិត្តអាណិតជនក្រីក្រ មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារកូនច្រើន ដែលកំពុងរងគ្រោះរលំផ្ទះរាបដល់ដី ដោយសារខ្យល់ព្យុះខាងលើនេះដោយក្តីអនុគ្រោះផងចុះ៕